សាលាអនុវិទ្យាល័យ Oteshima នៅលើកោះ Oteshima ឆ្នាំនេះបានប្រារព្ធពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាពិសេស ដោយសារតែសាលារៀននេះមានសិស្សតែម្នាក់គត់ដែលបានបញ្ចប់ការសិក្សា។
«គ្រប់យ៉ាងកើតឡើងយ៉ាងឆាប់រហ័ស។ ប្អូនសូមអរគុណនៅពេលដែលទទួលបានបទពិសោធន៍នៅសាលារៀនដោយមានការជួយជ្រោមជ្រែងរបស់លោកគ្រូអ្នកគ្រូ គ្រួសារ និងប្រជាជននៅលើកោះ» Mainichi កាលពីថ្ងៃទី 25 មីនា ដកស្រង់សម្ដីរបស់ Akino Imanaka អាយុ 15 ឆ្នាំ ឱ្យដឹងដូច្នេះនៅក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានៅសាលាអនុវិទ្យាល័យ Oteshima កោះ Oteshima ខេត្ត Kagawa។
កោះ Oteshima មានទំហំ 0.6 គីឡូម៉ែត្រក្រឡា និងមានចម្ងាយពីឆ្នេរសមុទ្រខេត្ត Kagawa 15 គីឡូម៉ែត្រទៅទិសខាងលិច គឺជាកន្លែងរស់នៅរបស់ប្រជាជនចំនួន 34 នាក់ ដែលភាគច្រើនគឺជាអ្នកនេសាទ។ ក្នុងរយៈពេល 9 ឆ្នាំកន្លង Imanaka គឺជាសិស្សតែម្នាក់គត់ដែលទៅរៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យនៅលើកោះនេះ។
កោះ Oteshima កំពុងប្រឈមនឹងបញ្ហាប្រជាជនវ័យចាស់។ Imanaka ក៏ជាពលរដ្ឋតែមួយរូបគត់ដែលមានអាយុក្រោម 18 ឆ្នាំ។
ក្នុងការសិក្សា សាលា Oteshima បានរៀបចំឱ្យមានគ្រូបង្រៀនចំនួនប្រាំនាក់ដែលត្រូវប្ដូរវេនគ្នាដើរតួជាសិស្សដើម្បីឱ្យ Imanaka អាចពិភាក្សាជាមួយ «មិត្តរួមថ្នាក់»។ Imanaka ក៏ត្រូវបានអនុញ្ញាតឱ្យទៅសាលាអនុវិទ្យាល័យមួយផ្សេងទៀតនៅឯដីគោកមួយសប្ដាហ៍/ម្ដង ទៅតាមកម្មវិធីផ្លាស់ប្ដូរការសិក្សា។
Imanaka ក៏ទទួលបានឱកាសដើម្បីចូលរួមសកម្មភាពបណ្ដុះបណ្ដាលនានា។ កាលពីខែមិថុនា 2022 មនុស្សជាង 60 នាក់បានមកកាន់កោះដើម្បីចូលរួមព្រឹត្តិការណ៍កីឡា។ កូនសិស្សរូបនេះក៏បានចូលរួមប្រកួតកាយសម្ព័ន្ធ រត់ប្រណាំងបណ្ដាក់គ្នា រាំ និងទាញព្រ័ត្រ។
«ប្អូនតែងមានតែម្នាក់ឯង ដូច្នេះពេលខ្លះមានអារម្មណ៍ថា ឯកា។ ប៉ុន្តែ តួនាទីជាប្រធានសមាគមសិស្សបានជួយឱ្យប្អូនមានឱកាសទៅធ្វើទស្សនកិច្ចតំបន់ជាច្រើន ក្នុងនាមជាតំណាងសាលា។ ពេលវេលាកន្លងទៅគឺជាបទពិសោធន៍ដ៏គួរឱ្យពេញចិត្ត» Imanaka និយាយដូច្នេះ។
នាយកសាលា Oteshima អាយុ 58 ឆ្នាំ បានរៀបរាប់អំពីសិស្សរបស់ខ្លួនថា «ក្នុងបីឆ្នាំកន្លង Imanaka បានសិក្សារៀនសូត្រយ៉ាងយកចិត្តទុកដាក់ និងបានបង្ហាញពីការរីកចម្រើនដ៏គួរឱ្យភ្ញាក់ផ្អើល»។
សាលា Oteshima ត្រូវបានបង្កើតឡើងកាលពីឆ្នាំ 1914។ ឆ្នាំ 1964 សាលារៀននេះធ្លាប់មានសិស្សចំនួន 91 នាក់ដែលរៀនថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ ប៉ុន្តែក៏បានចាប់ផ្ដើមថយចុះជាបន្តបន្ទាប់។ ឆ្នាំ 2013 Oteshima ត្រូវបិទទ្វារសាលាអនុវិទ្យាល័យ នៅពេលបងស្រីរបស់ Imanaka បានបញ្ចប់ការសិក្សា ប៉ុន្តែក៏បានបើកឡើងវិញនៅ 7 ឆ្នាំក្រោយមក នៅពេល Imanaka រៀនដល់អនុវិទ្យាល័យ។
សាលា Oteshima នឹងត្រូវបានបិទទ្វារជាថ្មីភ្លាមៗ បន្ទាប់ពី Imanaka រៀនចប់កម្រិតអនុវិទ្យាល័យ។ យោងតាមក្រសួងអប់រំជប៉ុន សាលាជាង 1,000 កន្លែងក្នុងចំណោមសាលាអនុវិទ្យាល័យទាំង 12,000 កន្លែងរបស់ប្រទេសនេះ សុទ្ធតែមានសិស្សតិចជាង 50 នាក់នៅឆ្នាំ 2022។
ខែក្រោយ Imanaka នឹងទៅរស់នៅជាមួយបងស្រី និងបងថ្លៃ ដើម្បីបានបន្តការសិក្សាថ្នាក់វិទ្យាល័យនៅឯដីគោកក្នុងខេត្ត Kagawa។ Imanaka ឱ្យដឹងថា អនាគតនាងចង់ធ្វើការក្នុងវិស័យអប់រំ ឬសុខមាលភាពសង្គម។
ពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាខាងលើរបស់ Imanaka មានមនុស្សចូលរួមប្រហែល 50 នាក់។ ពេលអានសុន្ទរកថា Imanaka មិនអាចទប់ទឹកភ្នែកបាន។ «ប្អូនសប្បាយរីករាយខ្លាំងណាស់នៅពេលបានកើតនៅ Oteshima» Imanaka ថ្លែងដូច្នេះ និងបន្តថា «ដោយមានអនុស្សាវរីយ៍ជាមួយនឹងកោះក្នុងបេះដូងមួយនេះ ប្អូននឹងចាប់ផ្ដើមដំណើរថ្មីរួមជាមួយនឹងឆន្ទះមោះមុត និងមោទកភាព»៕