ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានប្រកាសថា បានរកឃើញថា ដើមប្រេងខ្យល់ ដែលដុះនៅលើតំបន់មានរ៉ែមាស ឫសរបស់វាចាក់ជ្រៅរាប់សិបម៉ែត្រទៅក្រោមដី និងអាចប៉ះនឹងភាគល្អិតរបស់មាស ហើយស្រូបយកធាតុដែលមានតម្លៃនេះឡើងមកកាន់ស្លឹករបស់វា។
អ្នកប្រមាញ់មាសអាចគ្រាន់តែត្រូវការ «ការផ្ដល់ដំណឹង» ពីដើមប្រេងខ្យល់ (Eucalyptus) បើសិនជាចង់រកឃើញមាសនៅក្រោមដី។ មូលហេតុគឺថា ឫសរបស់រុក្ខជាតិមួយប្រភេទនេះអាចចាក់ជ្រៅទៅដល់ទីដែលមានធាតុមាស និងអាចនាំធាតុនេះឡើងមកកាន់ស្លឹក។ នេះបើតាម Science ចុះផ្សាយកាលពីថ្ងៃទី 24 មីនា 2023។
ក្នុងលទ្ធផលនៃការស្រាវជ្រាវរបស់អង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអូស្ត្រាលី (CSIRO) ដែលបានចុះផ្សាយលើទស្សនាវដ្ដី Nature Communications ឆ្នាំ 2013 ស្ដីពីការប្រើប្រាស់វិធីសាស្ត្រពិនិត្យសំណាករុក្ខជាតិដើម្បីស្វែងរករ៉ែក្រោមដី ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញបណ្ដារុក្ខជាតិដែលមានផ្ទុកធាតុមាសនៅប្រទេសអូស្ត្រាលី។ ការស្រាវជ្រាវនេះបានបញ្ជាក់ថា មាសអាចត្រូវបានឫសរបស់រុក្ខជាតិស្រូបឡើងមកកាន់ស្លឹក។
ជាក់ស្ដែង ក្រុមអ្នកវិទ្យាសាស្ត្រកាលណោះបានទៅកាន់អណ្ដូងរ៉ែមាស Freddo Gold Prospect នៅភាគខាងជើងតំបន់ Kalgoorlie នៃភាគខាងលិចរបស់ប្រទេសអូស្ត្រាលី ដើម្បីស្វែងរកភស្ដុសតាង។ នៅខាងលើអណ្ដូងរ៉ែមាសដែលនៅជ្រៅក្រោមដី គឺជាដើមប្រេងខ្យល់ជាច្រើនដើម។ ស្លឹក មែក និងសម្បករបស់រុក្ខជាតិនេះមានផ្ទុកបរិមាណនៃធាតុមាស (Au) យ៉ាងខ្ពស់។
ការរកឃើញខាងលើនេះ ក្រោយមកក៏ត្រូវបានបញ្ជាក់ជាថ្មីនៅក្នុងការពិសោធក្នុងផ្ទះកញ្ចក់។ អ្នកស្រាវជ្រាវដាំកូនឈើប្រេងខ្យល់ស្រុកក្នុងដីខ្សាច់លាយមាស។ បន្ទាប់មក អ្នកវិទ្យាសាស្ត្រប្រើប្រាស់មីក្រូទស្សន៍អេឡិចត្រុងដើម្បីពិនិត្យ។ លទ្ធផលបានបង្ហាញថា ស្លឹករបស់រុក្ខជាតិនេះក៏មានផ្ទុកធាតុមាសដូចទៅនឹងដើមប្រេងខ្យល់នៅក្នុងព្រៃ។
កាលពីឆ្នាំ 2019 ក្រុមហ៊ុន Marmota ក៏ធ្លាប់បានរកឃើញមាសនៅអូស្ត្រាលីខាងត្បូង ដោយប្រើប្រាស់វិធីសាស្ត្រពិនិត្យស្លឹកប្រេងខ្យល់។ Marmota រកឃើញសរសៃមាសកម្រាស 6 ម៉ែត្រ មានផ្ទុកមាស 3.4 ក្រាម/តោនដី ស្ថិតនៅជម្រៅ 44 ម៉ែត្រ។ នោះគឺជារបកគំហើញដ៏គួរឱ្យភ្ញាក់ផ្អើល៕