រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក លោក Antony Blinken បានអំពាវនាវសូមឱ្យគ្រប់សមាជិក ICC គោរពតាមដីកាដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានបញ្ជាឱ្យចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
ក្នុងសវនាការនៅសភាជាន់ខ្ពស់អាម៉េរិកកាលពីថ្ងៃទី 22 មីនា តំណាងរាស្ត្រ Lindsey Graham បានសួរលោក Blinken ថា តើវ៉ាស៊ីងតោននឹងចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ឬទេ បើសិនលោក ពូទីន មកកាន់ទឹកដីអាម៉េរិក។
«ដូចដែលអស់លោកបានដឹងហើយ យើងមិនមែនជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដូច្នេះខ្ញុំមិនចង់និយាយដល់សេណារីយោនោះ» លោក Blinken ឆ្លើយដូច្នេះ និងបន្តថា «ខ្ញុំក៏មិនគិតថា លោក ពូទីន មានគម្រោងមកកាន់សហរដ្ឋអាម៉េរិកឆាប់ៗនេះ»។
លោក Graham បន្តសួរថា លោក Blinken «លើកទឹកចិត្តឱ្យសម្ព័ន្ធមិត្តនៅអឺរ៉ុបបញ្ជូនខ្លួនប្រធានាធិបតីរុស្ស៊ី ទៅឱ្យតុលាការ ឬអត់»។ រដ្ឋមន្ត្រីការបរទេសអាម៉េរិកក៏សង្កត់ធ្ងន់ថា «ខ្ញុំគិតថា រាល់សមាជិក ICC សុទ្ធតែត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួន»។
កាលពីថ្ងៃទី 17 មីនា 2023 តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងស្នងការរបស់ប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារ Maria Lvova-Belova ក្រោមបទចោទថា «នាំកុមារអ៊ុយក្រែនទៅកាន់រុស្ស៊ីដោយមិនស្របច្បាប់»។ ICC យល់ថា សកម្មភាពខាងលើរបស់រុស្ស៊ីត្រូវបានធ្វើឡើងបន្ទាប់សង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង។
យោងតាមការសម្រេចចិត្តរបស់ ICC លោក ពូទីន «ទទួលខុសត្រូវដោយផ្ទាល់នៅពេលធ្វើសកម្មភាព» ក៏ដូចជា «មិនបានគ្រប់គ្រង ឬអនុញ្ញាតឱ្យស្ថាប័នស៊ីវិល ឬយោធាក្រោមឱវាទប្រព្រឹត្តអំពើនេះ»៕