បាតុភូតសូរ្យគ្រាសមួយផ្នែក សូរ្យគ្រាសពេញលេញ និងសូរ្យគ្រាសរាងចិញ្ចៀនដ៏កម្រ នឹងកើតឡើងក្នុងថ្ងៃទី 20 មេសា 2023 ខាងមុខ។
នៅថ្ងៃទី 20 មេសា 2023 ប្រជាជនដែលស្ថិតនៅក្នុងតំបន់ភ្លឺក្នុងវីដេអូនេះ អាចមើលឃើញបាតុភូតសូរ្យគ្រាសកូនកាត់ដ៏កម្រកើតមាន អាស្រ័យលើអាកាសធាតុ។
បាតុភូតសូរ្យគ្រាសកូនកាត់គឺជាព្រឹត្តិការណ៍ដែលកើតឡើងពីការរួមផ្សំរវាងបាតុភូតសូរ្យគ្រាសមួយផ្នែក សូរ្យគ្រាសទាំងស្រុង និងសូរ្យគ្រាសរាងចិញ្ចៀន។ ក៏ប៉ុន្តែ គ្រប់គ្នាមិនអាចមើលឃើញបាតុភូតទាំងនេះក្នុងពេលតែមួយឡើង។
សូរ្យគ្រាសដែលមានរូបរាងដូចចិញ្ចៀនកើតឡើងនៅពេលព្រះចន្ទគោចរឆ្លងកាត់តំបន់កន្លោះផែនដី និងព្រះអាទិត្យ ប៉ុន្តែគម្លាតនេះមិនជិតគ្រប់គ្រាន់ ដូច្នេះក៏មិនបាំងព្រះអាទិត្យទាំងស្រុងបាន ដោយបន្សល់ទុករង្វង់មូលស្ដើងនៅលើព្រះអាទិត្យ ដែលអ្នកវិទ្យាសាស្ត្រហៅថា «រង្វង់ភ្លើង»។
ចំណែកសូរ្យគ្រាសពេញលេញ (ទាំងស្រុង) វិញ កើតឡើងនៅពេលព្រះអាទិត្យទាំងមូលត្រូវបានបិទបាំងដោយព្រះចន្ទ។ សូរ្យគ្រាសពេញលេញអាចមើលឃើញពីតំបន់ Exmouth របស់អូស្ត្រាលី (1នាទី), ទីម័រខាងកើត (1នាទី និង 14 វិនាទី), Papua ខាងលិចរបស់ឥណ្ឌូណេស៊ី (1នាទីនិង 9 វិនាទី)។
បាតុភូត «សូរ្យគ្រាសកូនកាត់» ដ៏កម្រនឹងកើតឡើងក្នុងថ្ងៃទី 20 មេសា 2023 ខាងមុខ
បាតុភូតសូរ្យគ្រាសនឹងប្រែពីរូបរាងចិញ្ចៀនទៅជាសូរ្យគ្រាសពេញលេញ ហើយវិលទៅរកពីរចំណុចជាក់លាក់ ប៉ុន្តែ សុទ្ធតែស្ថិតនៅតំបន់ឆ្ងាយៗលើសមុទ្រ។
សូរ្យគ្រាសកូនកាត់គឺជាប្រភេទសូរ្យគ្រាសដែលកម្រនឹងកើតឡើង ដោយវាបង្ហាញខ្លួនតែប៉ុន្មានដងប៉ុណ្ណោះនៅក្នុងមួយសតវត្សរ៍ និងត្រូវបានចាត់ទុកថាជាបាតុភូតធម្មជាតិដ៏អស្ចារ្យបំផុត៕