រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់និយាយថា ប្រទេសនេះនឹងចាប់ខ្លួនលោក ពូទីន ទៅតាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បើសិនប្រធានាធិបតីរុស្ស៊ីមកកាន់ប្រទេសនេះ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ Marco Buschmann កាលពីថ្ងៃទី 18 មីនា បាននិយាយថា រឿងដែល ICC ចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងស្នងការទទួលបន្ទុកសិទ្ធិកុមារ Maria Lvova-Belov គឺជា «សញ្ញាសំខាន់ដែលបង្ហាញពីការប្ដេជ្ញាចិត្ត»។ ទន្ទឹមនឹងនេះ លោក Buschmann ក៏បានប្រកាសថា អាល្លឺម៉ង់គោរពតាមបទបញ្ជានេះ និងមានកាតព្វកិច្ចចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ប្រគល់ឱ្យ ICC បើសិនលោក ពូទីន ឈានជើងចូលទឹកដីរបស់អាល្លឺម៉ង់។
មុននោះ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz ក៏បានសាទរចំពោះការសម្រេចរបស់ ICC និងយល់ថា ដីកាចាប់ខ្លួនលោក ពូទីន បង្ហាញថា មិនមាននរណាស្ថិតនៅក្រៅច្បាប់។
មកដល់ពេលនេះ អាល្លឺម៉ង់គឺជាប្រទេសដំបូងគេដែលបានប្រកាសជាសាធារណៈថានឹងអនុវត្តដីការបស់តុលាការ ICC។ បណ្ដាប្រទេសជាសមាជិករបស់ ICC មានដូចជា អង់គ្លេស កាណាដា និងបារាំងជាដើម បានសន្យាគាំទ្រដល់តុលាការ និងដីការបស់តុលាការនេះ ប៉ុន្តែមិនបានលើកឡើងច្បាស់អំពីយន្តការផ្លូវច្បាប់របស់ពួកគេ។
ចំណែកប្រធានាធិបតីស៊ែប៊ី Aleksandar Vucic វិញ បានរិះគន់ថា ដីកាចាប់ខ្លួនរបស់ ICC នឹងអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន។
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាល្លឺម៉ង់ Sergey Nechayev យល់ថា គោលជំហររបស់ទីក្រុងបែរឡាំងចំពោះដីការបស់ ICC «បង្កការព្រួយបារម្ភកម្រិតខ្ពស់»។
កាលពីថ្ងៃទី 17 មីនា 2023 តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងស្នងការរបស់ប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារ Maria Lvova-Belova ក្រោមបទចោទថា «នាំកុមារអ៊ុយក្រែនទៅកាន់រុស្ស៊ីដោយមិនស្របច្បាប់»។ ICC យល់ថា សកម្មភាពខាងលើរបស់រុស្ស៊ីត្រូវបានធ្វើឡើងបន្ទាប់សង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង។
យោងតាមការសម្រេចចិត្តរបស់ ICC លោក ពូទីន «ទទួលខុសត្រូវដោយផ្ទាល់នៅពេលធ្វើសកម្មភាព» ក៏ដូចជា «មិនបានគ្រប់គ្រង ឬអនុញ្ញាតឱ្យស្ថាប័នស៊ីវិល ឬយោធាក្រោមឱវាទប្រព្រឹត្តអំពើនេះ»៕