តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនលោក ពូនទីន ក្រោមបទចោទថាបាន «ផ្លាស់ទីកុមារអ៊ុយក្រែនដោយខុសច្បាប់» ប៉ុន្តែរុស្ស៊ីប្រកាសថា ដីកានេះ «គ្មានប្រសិទ្ធភាពក្នុងផ្លូវច្បាប់»។
កាលពីថ្ងៃទី 17 មីនា 2023 តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងស្នងការរបស់ប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារ Maria Lvova-Belova ក្រោមបទចោទថា «នាំកុមារអ៊ុយក្រែនទៅកាន់រុស្ស៊ីដោយមិនស្របច្បាប់»។ ICC យល់ថា សកម្មភាពខាងលើរបស់រុស្ស៊ីត្រូវបានធ្វើឡើងបន្ទាប់សង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង។
យោងតាមការសម្រេចចិត្តរបស់ ICC លោក ពូទីន «ទទួលខុសត្រូវដោយផ្ទាល់នៅពេលធ្វើសកម្មភាព» ក៏ដូចជា «មិនបានគ្រប់គ្រង ឬអនុញ្ញាតឱ្យស្ថាប័នស៊ីវិល ឬយោធាក្រោមឱវាទប្រព្រឹត្តអំពើនេះ»។
ជាការឆ្លើយតបនឹងដីការបស់ ICC អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី Maria Zakharova យល់ថា «តាមការយល់ឃើញផ្នែកផ្លូវច្បាប់ ការសម្រេចចិត្តរបស់ ICC មិនមានន័យអ្វីឡើយសម្រាប់ប្រទេសជាតិរបស់យើង»។
«រុស្ស៊ីមិនមែនជាភាគីដែលបានចូលរួមបទប្បញ្ញាត្តិ Rome ស្ដីពី ICC និងមិនមានកាតព្វកិច្ចណាមួយដែលជាប់ទាក់ទង។ រុស្ស៊ីមិនសហការជាមួយ ICC ហើយដីកាចាប់ខ្លួនដែលស្ថាប័ននេះដាក់ចេញគឺមិនមានប្រសិទ្ធភាពក្នុងផ្លូវច្បាប់ និងគ្មានតម្លៃសម្រាប់យើងខ្ញុំ» លោកស្រី Zakharova ថ្លែងដូច្នេះ។
ដីកាតុលាការ ICC ត្រូវបានដាក់ចេញក្រោយពីមានការស៊ើបអង្កេតស្ដីពីការចោទប្រកាន់ដែលថា រុស្ស៊ីប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាម និងប្រឆាំងមនុស្សជាតិទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន។ រុស្ស៊ីមិនទទួលស្គាល់អំណាចរបស់ ICC ដូច្នេះមិនទាន់ដឹងច្បាស់ថា ស្ថាប័ននេះ និងស្ថាប័នពាក់ព័ន្ធនឹងអនុវត្តដីកានេះដោយរបៀបណានៅឡើយ។
មុននោះ ទីក្រុងកៀវជឿថា កុមារអ៊ុយក្រែនប្រមាណ 345 នាក់បាន «បាត់ខ្លួន» ចាប់តាំងពីសង្គ្រាមផ្ទុះឡើង និងបានចោទថា មូស្គូបាននាំកុមារអ៊ុយក្រែនជាច្រើននាក់ទៅកាន់ទឹកដីរុស្ស៊ី។
អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន Andriy Kostin កាលពីថ្ងៃទី 17 មីនាបានប្រកាសថា ដីការបស់ ICC គឺជា «ឥរិយាបថជាប្រវត្តិសាស្ត្រចំពោះអ៊ុយក្រែន និងប្រព័ន្ធច្បាប់អន្តរជាតិទាំងមូល»។ ចំណែក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន វិញ យល់ថា ការសម្រេចនេះ «ទើបតែជាការចាប់ផ្ដើមប៉ុណ្ណោះ»៕