មន្ត្រីសេតវិមាននិយាយថា ករណីប៉ូឡូញផ្ដល់ជំនួយជាយន្តហោះ MiG-20 ទៅឱ្យអ៊ុយក្រែន មិនប៉ះពាល់ដល់ការគណនារបស់អាម៉េរិក ទាក់ទិននឹងជំនួយផ្នែកយោធា។
លេខាសារព័ត៌មានប្រចាំសេតវិមាន Karine Jean-Pierre កាលពីថ្ងៃទី 16 មីនា បានឱ្យដឹងថា ប្រទេសប៉ូឡូញបានជូនដំណឹងដល់សហរដ្ឋអាម៉េរិកស្ដីពីការសម្រេចចិត្តផ្ដល់ជំនួយជាយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែន។ លោកស្រីថ្លែងថា វ៉ាស៊ីងតោននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងសម្ព័ន្ធមិត្ត និងដៃគូសហការនានានៅក្នុងកិច្ចប្រឹងប្រែងជួយគាំទ្រដល់អ៊ុយក្រែន។
ចំណែកអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ John Kirby បានអះអាងថា ការវិវត្តថ្មីនេះ «មិនបានកែប្រែការគន់គូររបស់អាម៉េរិក» ស្ដីពីបញ្ហាផ្ដល់ជំនួយជាយន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន។
ថ្នាក់ដឹកនាំអាម៉េរិក រហូតមកដល់ពេលនេះនៅតែមិនទាន់យល់ព្រមផ្ដល់យន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែន បើទោះបានផ្ដល់ជំនួយជាអាវុធធុនធ្ងន់ច្រើនប្រភេទដល់ទីក្រុងកៀវរួចហើយក៏ដោយ។
ទាក់ទងនឹងករណីប៉ូឡូញផ្ដល់ជំនួយ MiG-29 ដល់អ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសអាម៉េរិក Antony Blinken ក៏បានសង្កត់ធ្ងន់ថា នេះគឺជាគោលនយោបាយដោយឡែករបស់ប្រទេសនីមួយៗ។
ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានឱ្យដឹងថា ប្រទេសនេះមានយន្តហោះចម្បាំង MiG-29 ពី 10 ទៅ 20 គ្រឿង។ ប៉ូឡូញនឹងផ្ទេរទៅឱ្យអ៊ុយក្រែនចំនួនបួនគ្រឿងដំបូង។ យន្តហោះ MiG-29 ក្រៅពីនេះ កំពុងត្រូវបានត្រៀម ថែទាំ ហើយអាចនឹងត្រូវបានផ្ដល់ឱ្យអ៊ុយក្រែនជាបន្តបន្ទាប់ ដោយប្រើពេលពី 4-6 សប្ដាហ៍។
រដ្ឋមន្ត្រីការពារជាតិ Mariusz Blaszczak ថ្លែងថា ប៉ូឡូញចង់ផ្ទេរយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែនតាមរយៈយន្តការសម្ព័ន្ធមិត្ត ក្នុងនោះមានស្លូវ៉ាគីរួចទៅហើយ។ ចំនួនសមាជិកនៃសម្ព័ន្ធមិត្តដែលផ្ដល់ជំនួយជាយន្តហោះចម្បាំងនេះអាចកើនឡើងនៅពេលអនាគត។
ក្រោយពីផ្ដល់ MiG-29 ទៅឱ្យអ៊ុយក្រែន ទ័ពអាកាសប៉ូឡូញនឹងធ្វើទំនើបកម្មឡើងវិញ ដោយប្រើប្រាស់យន្តហោះចម្បាំង FA-50 របស់កូរ៉េខាងត្បូង និងក្រោយមកគឺ F-35 ទិញពីសហរដ្ឋអាម៉េរិក៕