កាលពីថ្ងៃទី 12 មីនា មនុស្សជិត 100 នាក់បានទៅចូលរួមព្រឹត្តិការណ៍ដាំកូនឈើនៅក្នុងឧទ្យានជាតិអណ្ដូងរ៉ែ Huangshi ជាទីដែលធ្លាប់ជាអណ្ដូងកណ្ដាលវាលធំជាងគេបំផុតនៅអាស៊ី។
ថ្ងៃទី 12 មីនា គឺជាទិវាដាំរុក្ខជាតិនៅប្រទេសចិន។ នៅទីក្រុង Huangshi នៃខេត្ត Hubei ប្រទេសចិន មនុស្សជិត 100 នាក់បានទៅចូលរួមព្រឹត្តិការណ៍ដាំកូនឈើនៅក្នុងឧទ្យានជាតិអណ្ដូងរ៉ែ Huangshi។ ឧទ្យាននេះត្រូវបានស្ថាបនាក្បែរអណ្ដូងរ៉ែដែកមួយដែលមានអាយុកាលរាប់សតវត្សរ៍ និងត្រូវបានគេហៅថា អណ្ដូងរ៉ែដែក Daye។
តំបន់ខាងលើធ្លាប់ជាអណ្ដូងរ៉ែកណ្ដាលវាលធំជាងគេក្នុងទ្វីបអាស៊ី។ ក្រោយឆ្នាំ 1958 សំណល់ថ្មជាង 360 លានតោនត្រូវបានចាក់ចូលក្នុងអណ្ដូងរ៉ែនេះ។ បន្ទាប់ពីសេដ្ឋកិច្ចបានរីកចម្រើន និងការទាញយករ៉ែអស់រយៈពេលច្រើនទសវត្សរ៍ Huangshi ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជី «ទីក្រុងអស់ធនធានធម្មជាតិ» កាលពីឆ្នាំ 2009។ ដើម្បីកែលំអបរិស្ថាន អាជ្ញាធរ និងប្រជាជននៅមូលដ្ឋានក៏ចាប់ផ្ដើមដាំដើមឈើនៅទីនេះ តាំងពីទសវត្សរ៍ឆ្នាំ 1980។
«ក្រោយពីបានដាំដើមឈើជាច្រើនប្រភេទ យើងឃើញថា រុក្ខជាតិមួយប្រភេទដែលហៅថា locust សមស្របបំផុត ព្រោះវាអាចសម្របខ្លួនជាមួយនឹងបរិស្ថានក្ដៅ។ ចាប់ពីពេលនោះមក យើងចាប់ផ្ដើមសម្រុកដាំកូនឈើប្រភេទនេះក្នុងទ្រង់ទ្រាយធំ» Xiao Meng សន្តិសុខប្រចាំឧទ្យានជាតិ Huangshi ឱ្យដឹងដូច្នេះ។
ឧទ្យានជាតិអណ្ដូងរ៉ែ Huangshi (Huangshi National Mine Park)
បច្ចុប្បន្ន តំបន់អណ្ដូងរ៉ែត្រូវបានកែប្រែឱ្យទៅជាឧទ្យានវប្បធម៌បៃតង។ លោក Meng បន្ថែមថា «យើងបានដាំដើមឈើនៅទីនេះជិត 40 ឆ្នាំហើយ។ ឪពុកខ្ញុំធ្លាប់ជាកម្មករអណ្ដូងរ៉ែ។ ប៉ុន្តែ តាំងពីជំនាន់របស់គាត់ មនុស្សម្នាចាប់ផ្ដើមដាំរុក្ខជាតិនៅទីនេះ៕