Skip to content

អាម៉េរិក ជប៉ុន និង​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​ប្រឆាំង​មី​ស៊ី​ល​ប្លោង​របស់​កូរ៉េខាងជើង

នាវាចម្បាំង​របស់​អាម៉េរិក ជប៉ុន និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​ប្រឆាំង​មី​ស៊ី​ល​ដើម្បី​ឆ្លើយតប​នឹង​ករណី​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល និង​​រ៉ុក្កែត​​​កាលពីពេលថ្មីៗនេះ។

នាវា​ពិឃាត USS Barry របស់​សហរដ្ឋ​អាម៉េរិក, ​Sejong របស់​កូរ៉េខាងត្បូង និង JS Atago របស់​ជប៉ុន កាលពី​ថ្ងៃទី 22 កុម្ភៈ បាន​ចូលរួម​សមយុទ្ធ​យោធា​នៅលើ​សមុទ្រ​ជប៉ុន។ សមយុទ្ធ​នេះ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅកាន់​កូរ៉េខាងជើង​ដែល​បាន​បាញ់​មី​ស៊ី​ល​ប្លោង​អន្តរទ្វីប (ICBM) Hwasong-15 កាលពី​ថ្ងៃទី 18 កុម្ភៈ និង​រ៉ុក្កែត​ប្រឆាំង​នាវា​ពិឃាត​កាលពី​ថ្ងៃទី 20 កុម្ភៈ។

ក្រោយ​ការបាញ់​មី​ស៊ី​ល Hwasong-15 របស់​កូរ៉េខាងជើង សហរដ្ឋ​អាម៉េរិក​ក៏បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B ចំនួន​ 2 ​គ្រឿង​មកកាន់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី 19 កុម្ភៈ។ យន្តហោះ​ចម្បាំង F-35A និង F-15K របស់​កូរ៉េខាងត្បូង រួម​នឹង​ F-16 របស់​អាម៉េរិក បាន​អមដំណើរ​យន្តហោះ B-1B នៅលើ​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស (ADIZ) របស់​កូរ៉េខាងត្បូង។ ចំណែក​ក្រសួងការពារជាតិ​ជប៉ុន ក្រោយមក​ក៏បាន​ប្រកាសថា យន្តហោះ​ចម្បាំង F-15 ចំនួន​ 3 ​គ្រឿង​របស់​ប្រទេស​នេះ និង F-16 ចំនួន​ 4 ​គ្រឿង​របស់​អាម៉េរិក ធ្វើ​សមយុទ្ធ​ជាមួយនឹង B-1B នៅលើ​សមុទ្រ។

កូរ៉េខាងត្បូង កាលពី​ថ្ងៃទី 16 កុម្ភៈ 2023 បាន​បញ្ចេញ​សៀវភៅ​ស​ការពារជាតិ​ឆ្នាំ 2022។ ក្នុង​សៀវភៅ​នេះ កូរ៉េខាង​ត្បូង​បាន​​​ហៅ​កូរ៉េខាងជើង​ថា «សត្រូវ» ជា​លើក​ដំបូង​ក្រោយ​រយៈពេល 6 ឆ្នាំ​កន្លងមក​នេះ។ នេះ​គឺជា​សញ្ញា​បង្ហាញថា ទីក្រុង​សេ​អ៊ូ​ល​ចាប់ផ្ដើម​តឹងរឹង​ជាង​មុន​ចំពោះ​ទីក្រុង​ព្យុងយ៉ាង៕

Leave a Reply

Your email address will not be published. Required fields are marked *