ចំនួនមនុស្សស្លាប់ក្នុងគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី បានកើនឡើងដល់ជាង 45,000 នាក់ ខណៈកម្លាំងសង្គ្រោះបានរកឃើញសាកសព និងអ្នកនៅមានជីវិតជាបន្តបន្ទាប់ក្រោយរយៈពេល 11 ថ្ងៃកន្លង។
កាលពីថ្ងៃទី 17 កុម្ភៈ មន្ត្រីនៅប្រទេសតួកគី បានប្រកាសថា ចំនួនមនុស្សស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅប្រទេសនេះគឺ 39,672 នាក់។ តួលេខនេះអាចនឹងកើនឡើងបន្តទៀត ដោយសារតែនៅមានជនរងគ្រោះកំពុងជាប់ក្រោមគំនរបាក់បែករបស់ផ្ទះរាប់សែនខ្នងក្រោយពីបានបាក់រលំក្នុងពេលរញ្ជួយដីកើតឡើង។
ដោយឡែក ប្រទេសស៊ីរី វិញ បានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដីនៅប្រទេសនេះបានកើនដល់ជាង 5,800 នាក់ ដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី កើនឡើងដល់ជាង 45,470 នាក់។
ក្រុមអ្នកជំនាញនិយាយថា មូលហេតុនាំគ្រោះរញ្ជួយដីដ៏គួរឱ្យភ័យខ្លាចនៅតួកគី និងស៊ីរី ដែលបានកើតឡើងកាលពីថ្ងៃទី 06 កុម្ភៈ 2023 បណ្ដាលឱ្យមានមនុស្សស្លាប់ច្រើន គឺដោយសារវាកើតឡើងនៅពេលព្រឹកព្រលឹម ហើយប្រទេសតួកគីសម្បូរដោយសំណង់គុណភាពទាប ងាយដួលរលំ៕