សណ្ឋានដីចម្លែកនៅតំបន់មួយលើភពព្រះអង្គារបង្កើតបានជារូបរាងដូចទៅនឹងមុខមាត់របស់ខ្លាឃ្មុំ ពេលមើលពីលើយានអវកាសស្រាវជ្រាវ MRO របស់ណាសាដែលកំពុងហោះហើរជុំវិញភពក្រហមនេះ។
ក្នុងរូបថតមួយដែលត្រូវបានសាកលវិទ្យាល័យ Arizona (UA) ចែករំលែកកាលពីសប្ដាហ៍កន្លងបង្ហាញថា សណ្ឋានដីដែលមានរូបរាងដូចទៅនឹងផ្ទៃមុខរបស់ខ្លាឃ្មុំកំពុងញញឹម ត្រូវបានបង្កើតឡើងដោយស្នាមបំណាក់ដីរាងរង្វង់មូល (រូបដូចក្បាល) និងមាត់រណ្ដៅអាចម៍ផ្កាយ (ភ្នែក) បូករួមនឹងកូនភ្នំដែលដួលរលំរាងជាអក្សរ V (ច្រមុះ និងមាត់)។
ស្នាមដំណាក់ដីរាងរង្វង់មូលអាចកើតឡើងដោយសារបាតុភូតស្រុតរបស់ស្រទាប់ដីល្បាប់លើមាត់រណ្ដៅអាចម៍ផ្កាយដែលបានលប់ដោយកំអែភ្នំភ្លើង ឬភក់។ ចំណែកកន្លែងដែលដូចច្រមុះ ទំនងជារណ្ដៅដែលបញ្ចេញចំហាយឧស្ម័ន នេះបើតាមក្រុមអ្នកជំនាញមកពី UA។
កាមេរ៉ា HiRISE របស់ MRO ថតបានរូបភាពចម្លែកនេះនៅពេលហោះក្នុងរយៈកម្ពស់ប្រហែល 251 គីឡូម៉ែត្រ ធៀបនឹងផ្ទៃដីភពអង្គារ។ យានអវកាស MRO បានហោះទៅដល់ពិភពអង្គារកាលពីឆ្នាំ 2006 និងហោះមួយជុំភពនេះដោយចំណាយពេលតែ 112 នាទីប៉ុណ្ណោះ។
ភារកិច្ចរបស់ MRO គឺស្រាវជ្រាវអំពីអាកាសធាតុ ភូគព្ភសាស្ត្រ និងស្វែងរកទីតាំងល្អសម្រាប់ការចុះចតក្នុងអនាគត ក៏ដូចជាប្រមូលទិន្នន័យពីបេសកកម្មនានានៅលើដីរបស់ភពអង្គារដើម្បីបញ្ជូនបន្តមកកាន់ផែនដី។
មកដល់ពេលនេះ យាន MRO បានបំពេញបេសកកម្មបានជិត 17 ឆ្នាំហើយ ពោលគឺយូរជាងការរំពឹងទុក។ ណាសាក៏មានបំណងបន្តប្រើប្រាស់យាននេះឱ្យបានយូរតាមដែលអាចធ្វើទៅបាន៕