ទ័ពអាកាសអាម៉េរិកបានធ្វើតេស្តរួចរាល់ដោយជោគជ័យនូវអាវុធល្បឿនជាងសំឡេង HAWC ដើម្បីបម្រើដល់កម្មវិធីអភិវឌ្ឍអាវុធដទៃទៀត។
អង្គភាពស្រាវជ្រាវគម្រោងការពារទំនើប (DARPA) របស់អាម៉េរិក កាលពីថ្ងៃទី 30 មករា ប្រកាសថា បានសហការជាមួយទ័ពអាកាសអាម៉េរិក បញ្ចប់ដំណាក់កាលសាកល្បងចុងក្រោយស្ដីពីកម្មវិធីអាវុធល្បឿនលឿនជាងសំឡេងដែលប្រើប្រាស់ម៉ាស៊ីនស្រូបឧស្ម័នធម្មជាតិ (HAWC)។
ក្នុងការធ្វើតេស្ត កំណែមីស៊ីលរបស់ក្រុមហ៊ុន Lockheed Martin បំពាក់ម៉ាស៊ីន Sramjet Aerojet Rockedtdyne ដែលមានតួនាទីបង្ហាប់ឧស្ម័នជាបន្តបន្ទាប់ដើម្បីផ្លាស់ទីក្នុងល្បឿនលឿនជាងសំឡេង បានទទួលជោគជ័យគ្រប់គោលដៅដំបូងរបស់កម្មវិធី។
«ការសាកល្បងនេះរបស់ HAWC នឹងផ្ដល់ទិន្នន័យសំខាន់សម្រាប់ការប្រឹងប្រែងអភិវឌ្ឍបច្ចេកវិទ្យាល្បឿនលឿនជាងសំឡេងរបស់មជ្ឈមណ្ឌលស្រាវជ្រាវទ័ពអាកាស (AFRL)» DARPA ឱ្យដឹងដូច្នេះ។
កំណែគំរូនៃមីស៊ីលល្បឿនលឿនជាងសំឡេង HAWC ដែលផលិតដោយ Lockheed Martin អាចហោះហើរក្នុងល្បឿន Mach 5 (លឿនជាងសំឡេង 5 ដង), កម្ពស់ជាង 18,000 ម៉ែត្រ និងរយៈចម្ងាយជាង 555 គីឡូម៉ែត្រ នៅក្នុងការធ្វើតេស្តចុងក្រោយ។ យោងតាម DARPA ការសាកល្បងនេះបានបង្ហាញថា សមត្ថភាព និងប្រសិទ្ធភាពរបស់មីស៊ីលគំរូ HAWC បានសម្រេចជាស្ថាពរ។
កម្មវិធី HAWC កំពុងឈានចូលដល់ដំណាក់កាលចុងក្រោយ ហើយគ្រប់ភាគីដែលចូលរួមកំពុងវិភាគទិន្នន័យដែលបានពីការសាកល្បង និងនៅតែមានឱកាសក្នុងការកែលំអបច្ចេកវិទ្យាបន្ថែមទៀត។ ក្រោយពីកម្មវិធី HAWC បានបញ្ចប់ សហរដ្ឋអាម៉េរិកមានមីស៊ីលល្បឿនលឿនជាងសំឡេងពីរប្រភេទដែលត្រូវអភិវឌ្ឍឱ្យបានពេញលេញ និងកែលំអបន្ថែមទៀតនាពេលអនាគត ក្នុងនោះ មួយប្រភេទគឺជារបស់ Lockheed Martin និងមួយទៀតគឺជារបស់ Raytheon។
DARPA បានរៀបគម្រោងអភិវឌ្ឍពេញលេញនូវអាវុធគំរូដែលមានល្បឿនលឿនជាងសំឡេងក្នុងកម្មវិធី «បន្ថែមឱកាសជាមួយនឹង HAWC (MOHAWC)» ដែលក្នុងនោះមានទាំងការច្នៃ និងសាកល្បងមធ្យោបាយដែលមានល្បឿនលឿនជាងសំឡេងដោយយោងទៅតាមបច្ចេកវិទ្យារបស់ HAWC។ មធ្យោបាយ ឬមីស៊ីលទាំងនេះនឹងក្លាយជាគ្រឹះសម្រាប់ការអភិវឌ្ឍអាវុធទំនើបៗនាពេលអនាគត។
កាលពីឆ្នាំ 2021 អតីតឧត្ដមសេនីយ៍យោធាអាម៉េរិកមួយរូបបានទទួលស្គាល់ថា អាម៉េរិកដើរមិនទាន់សភាពការណ៍បច្ចុប្បន្ន បើធៀបនឹងរុស្ស៊ី និងចិន ទាក់ទិននឹងអាវុធល្បឿនលឿនជាងសំឡេង។ អតីតមន្ត្រីយោធារូបនេះអះអាងថា អាម៉េរិកនឹងត្រូវការពេលច្រើនឆ្នាំ ហើយត្រូវចំណាយធនធានច្រើនដើម្បីដណ្ដើមបានតួនាទីនាំមុខគេនៅក្នុងវិស័យនេះ៕