តេឡេស្កុបអវកាស James Webb របស់ណាសា រកឃើញដុំពពកយក្សផ្ទុកសមាសធាតុមួយចំនួនដែលបង្កើតបានជាលំហមួយមានសីតុណ្ហភាព -263 អង្សាសេ។
នៅក្នុងលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Nature Astronomy កាលពីថ្ងៃទី 23 មករា ក្រុមតារាវិទូបានប្រើប្រាស់ Webb ដើម្បីសង្កេតមើលផ្នែកខាងក្នុងរបស់ដុំពពកយក្សដែលមានឈ្មោះថា Chameleon I មានចម្ងាយពីផែនដីប្រហែល 500 ឆ្នាំពន្លឺ និងបានរកឃើញស្រទាប់ទឹកកកមួយដែលមានផ្ទុកសមាសធាតុសំខាន់ក្នុងការកកើតជីវិត រួមមាន កាបូន អុកស៊ីសែន អ៊ីដ្រូសែន នីដ្រូសែន និងស្ពាន់ធ័រ ដែលត្រូវបានហៅជារួមថា COHNS។ ពួកវាគឺជាបណ្ដុំនៃសមាសធាតុដែលបង្កើតពិភពដែលអាចរស់នៅបាន។
បណ្ដាដុំពពកដូច Chameleon I នេះ ក៏ត្រូវបានហៅថា ថ្នាលបណ្ដុះផ្កាយ ព្រោះថា ការ «ដួលរលំ» របស់ពួកវា បន្តិចម្ដងៗនឹងបង្កើតបានជាផ្កាយ និងភព។ សមាសធាតុគីមីខាងលើត្រូវបានកំណត់ដោយបណ្ដាស្រទាប់ទឹកកកនៅជ្រៅខាងក្នុងពពក Chameleon I។
ក្រៅពី COHNS សាមញ្ញ ក្រុមតារាវិទូខាងលើក៏បានរកឃើញភស្ដុតាងស្ដីពីទឹកដែលបានកក រួមនឹងម៉ូលេគុលសរីរាង្គស្មុគស្មាញជាងនេះ មានដូចជា មេតាណុល មេតាន អាម៉ូនិក និងកាបូនអ៊ីលស៊ុលហ្វីត (methanol, methane, ammoniac, carbonyl sulfide) ទៀតផង។
យោងតាម Space/CNN នាពេលខាងមុខ ក្រុមអ្នកវិទ្យាសាស្ត្រនេះគ្រោងនឹងប្រើប្រាស់ទិន្នន័យរបស់ James Webb ដើម្បីគណនារកទំហំរបស់គ្រាប់ធូលី និងទម្រង់រូបរាងរបស់ទឹកកក។ ការសង្កេតទាំងនេះនឹងបើកផ្លូវឱ្យមានការយល់ដឹងច្បាស់អំពីដំណើរការកកើតរបស់បណ្ដាម៉ូលេគុលសាមញ្ញ និងស្មុគស្មាញចាំបាច់ដើម្បីបង្កើតបានជាបណ្ដុំបង្កបង្កើតជីវិត៕