(សហរដ្ឋអាម៉េរិក) – ប៉ូលិសនៅ Oakland ឱ្យដឹងថា មានហេតុការណ៍បាញ់ប្រហារមួយផ្សេងទៀតបានបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង 7 នាក់របួស ដែលនេះគឺជាករណីបាញ់ប្រហារទីបីក្នុងរង្វង់ 3 ថ្ងៃ នៅរដ្ឋ California។
យោងតាមក្រុមមន្ត្រីនៅ Oakland កម្លាំងប៉ូលិសត្រូវបានបញ្ជូនទៅកាន់ផ្ទះមួយចំនួននៅក្បែរមហាវិថី Macarthur នៅវេលាម៉ោង 18 ថ្ងៃទី 23 មករា (ម៉ោង 6 ថ្ងៃទី 24 មករានៅកម្ពុជា) បន្ទាប់ពីទទួលបានសញ្ញាជូនដំណឹងពីប្រព័ន្ធចាប់សំឡេងកាំភ្លើងស្វ័យប្រវត្ត។ សមត្ថកិច្ចបានរកឃើញសម្បកគ្រាប់កាំភ្លើងជាច្រើនគ្រាប់នៅឯស្ថានីយប្រេងឥន្ធនៈមួយក្បែរទីលានសាលារៀន Mills College ប៉ុន្តែមិនឃើញជនរងគ្រោះ។
សមត្ថកិច្ចនៅ Oakland ប្រកាសថា ករណីផ្ទុះអាវុធកើតឡើង «រវាងមនុស្សមួយចំនួន»។ បន្ទាប់មក មន្ទីរពេទ្យមួយចំនួនក៏បានទាក់ទងទៅកាន់ប៉ូលិស និងរាយការណ៍អំពីការទទួលជនរងគ្រោះដែលរងរបួសដោយសារគ្រាប់កាំភ្លើង។
សាក្សីនិយាយថា ស្នូរគ្រាប់កាំភ្លើងផ្ទុះឡើងក្នុងពេលកំពុងថតវីដេអូចម្រៀង។ មនុស្ស 7 នាក់រងរបួសស្រាល ខណៈដែលអត្តសញ្ញាណរបស់ជនរងគ្រោះដែលបានស្លាប់ មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ ប៉ុន្តែ សមាជិកគ្រួសារជនរងគ្រោះបានប្រាប់ថា មានឈ្មោះ Mario Navarro អាយុ 18 ឆ្នាំ។
ហេតុការណ៍ខាងលើគឺជាករណីបាញ់ប្រហារទីបីនៅក្នុងរដ្ឋ California ក្នុងអំឡុងពេល 3 ថ្ងៃកន្លង។ ករណីបាញ់ប្រហារមុននោះប៉ុន្មានម៉ោង បានកើតឡើងនៅក្នុងទីតាំងដាច់ដោយឡែកក្នុងទីក្រុង Half Moon Bay មានចម្ងាយប្រហែល 65 គីឡូម៉ែត្រពី Oakland និងបានបណ្ដាលឱ្យមនុស្ស 7 នាក់ស្លាប់។
ករណីបាញ់ប្រហារមួយផ្សេងទៀតនៅ Monterey Park ក្នុងរដ្ឋ California កាលពីថ្ងៃទី 21 មករា បណ្ដាលឱ្យមនុស្សយ៉ាងតិច 11 នាក់បាត់បង់ជីវិត។ ជនសង្ស័យត្រូវបានគេដឹងថា មានឈ្មោះ Huu Can Tran អាយុ 72 ឆ្នាំ ប៉ុន្តែមិនទាន់ដឹងច្បាស់ពីមូលហេតុ។
នៅក្នុង 3 សប្ដាហ៍ដំបូងនៃឆ្នាំ 2023 សហរដ្ឋអាម៉េរិកកើតមានករណីបាញ់ប្រហារសម្លាប់មនុស្សសរុបចំនួន 39 លើកមកហើយ៕