ចំនួនប្រជាជនរបស់ប្រទេសឥណ្ឌា មកដល់ចុងឆ្នាំ 2022 ទំនងជាមានច្រើនជាងប្រទេសចិន 5 លាននាក់ និងក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។
យោងតាមការគណនារបស់ World Population Review (WPR) ដែលជាអង្គការឯករាជ្យមានទីស្នាក់ការកណ្ដាលនៅសហរដ្ឋអាម៉េរិក ចំនួនប្រជាជនជននៅឥណ្ឌា គិតត្រឹមចុងឆ្នាំ 2022 គឺ 1.417 ពាន់លាននាក់ ខ្ពស់ជាង 5 លាននាក់ បើធៀបនឹងប្រទេសចិន។
ឥណ្ឌា ប្រទេសមានប្រជាជនចំនួនពាក់កណ្ដាលដែលមានអាយុក្រោម 30 ឆ្នាំ នឹងក្លាយជាខឿនសេដ្ឋកិច្ចធំមួយដែលរីកចម្រើនលឿនជាងគេលើពិភពលោកក្នុងប៉ុន្មានឆ្នាំទៀត។ ដើម្បីប្រើប្រាស់ចំណុចខ្លាំងផ្នែកប្រជាសាស្ត្រនេះ ឥណ្ឌាត្រូវការបង្កើតការងារថ្មីដល់ប្រជាជនរាប់លាននាក់ជារៀងរាល់ឆ្នាំ នៅពេលដែលកសិករជាច្រើនបោះបង់ស្រែចំការ។
ចំណែកអង្គការសហប្រជាជាតិវិញ បានគណនាឃើញថា ឥណ្ឌានឹងក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបង្អស់នៅចុងឆ្នាំនេះ។ ដោយសារតែផលប៉ះពាល់ពីវិបត្តិសុខភាព ឆ្នាំ 2021 ឥណ្ឌាមិនបានប្រកាសទិន្នន័យស្ដីពីការជំរឿនដែលធ្លាប់ធ្វើឡើងរៀងរាល់មួយទសវត្សរ៍ម្ដងនោះទេ។
អង្គការសហប្រជាជាតិបានរកឃើញថា ជាងពាក់កណ្ដាលនៃចំនួនប្រជាជនដែលគ្រោងនឹងកើនឡើងនៅទូទាំងសកលលោក គិតចាប់ពីឆ្នាំ 2022 ដល់ 2050 គឺភាគច្រើនប្រមូលផ្ដុំនៅក្នុង 8 ប្រទេស រួមមាន កុងហ្កោ អេហ្ស៊ីប អេត្យូពី ឥណ្ឌា នីហ្សេរីយ៉ា ប៉ាគីស្ថាន ហ្វ៊ីលីពីន និងតង់សានី៕