
ក្រសួងការពារជាតិអូស្ត្រាលី ប្រកាសថា ចំណាយប្រាក់ 1.96 ពាន់លានដុល្លារ ដើម្បីទិញឧទ្ធម្ភាគចក្រពហុមុខងាររបស់សហរដ្ឋអាម៉េរិក Black Hawk ចំនួន 40 គ្រឿង។
កាលពីថ្ងៃទី 17 មករា ក្រសួងការពារជាតិរបស់អូស្ត្រាលី បានប្រកាសថា នឹងទិញឧទ្ធម្ភាគចក្រ UH-60M Black Hawk របស់ក្រុមហ៊ុនអាម៉េរិក Lockheed Martin ចំនួន 40 គ្រឿង ដើម្បីជំនួសក្រុមហោះហើរ MR-90 Taipan ដែលផលិតដោយក្រុមហ៊ុន Airbus របស់អឺរ៉ុប។
ឧត្តមសេនីយ៍ Jeremy King ទទួលខុសត្រូវផ្នែកសព្វាវុធនៃក្រសួងការពារជាតិអូស្ត្រាលី ឱ្យដឹងថា នេះគឺជាការទិញដូរដ៏សំខាន់ដើម្បីបម្រើដល់តម្រូវការជាយុទ្ធសស្ត្ររបស់កងកម្លាំងប្រដាប់អាវុធ។ «Black Hawk គឺជាមូលដ្ឋានដែលត្រូវបានអភិវឌ្ឍពេញលេញដ៏គួរឱ្យទុកចិត្តបាន ធ្លាប់ត្រូវបានសាកល្បង និងត្រូវបានគាំទ្រដោយបណ្ដាញផ្គត់ផ្គង់សាកលយ៉ាងមាំមួន» លោក Jeremy King អះអាងដូច្នេះ។

កងទ័ពអូស្ត្រាលីកំពុងប្រើប្រាស់ឧទ្ធម្ភាគចក្រ Taipan ចំនួន 47 គ្រឿង ហើយគ្រោងនឹងបន្តប្រើប្រាស់រហូតដល់ឆ្នាំ 2037។ ប៉ុន្តែ កន្លងមកឧទ្ធម្ភាគចក្រនេះជួបបញ្ហាជាញឹកញាប់ និងត្រូវបានផ្អាកការប្រើប្រាស់ច្រើនដងដើម្បីការពារសុវត្ថិភាព។
UH-60 Black Hawk គឺជាឧទ្ធម្ភាគចក្រដឹកជញ្ជូនយុទ្ធសាស្ត្រដែលត្រូវបានសហរដ្ឋអាម៉េរិកដាក់ឱ្យប្រើប្រាស់ក្នុងជួរកងទ័ពតាំងពីឆ្នាំ 1979។ វាអាចហោះហើរក្នុងល្បឿន 295 គីឡូម៉ែត្រ/ម៉ោង និងអាចហោះកម្ពស់ 5.8 គីឡូម៉ែត្រ។ កំណែថ្មីៗរបស់ Black Hawk ក៏ត្រូវបានអភិវឌ្ឍសម្រាប់កងទ័ពអាម៉េរិក ក៏ដូចជាសម្រាប់ការនាំចេញទៅកាន់ប្រទេសជាច្រើនលើពិភពលោក៕



