មនុស្សជាង​ 80 នាក់​បាន​​ស្លាប់ និង​រង​របួស​ នៅ​ក្នុង​បាតុកម្ម​​ប្រឆាំង​រដ្ឋាភិបាល​ប៉េ​រូ

ហ្វូង​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ប៉េ​រូ ស្វែងរក​វិធី​សម្រុកចូល​អាកាសយានដ្ឋាន​នៅ​ទីក្រុង Juliaca និង​បាន​ប៉ះទង្គិច​ជាមួយ​ក្រុមប៉ូលិស បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច 17 នាក់។

បាតុករ​រាប់ពាន់នាក់​ដែល​ខឹង​ខ្លាំង កាលពី​ថ្ងៃទី 09 មករា បាន​ទៅដល់​ព្រលានយន្តហោះ Juliaca នៅ​ទីក្រុង Juliaca ក្នុង​តំបន់ Puno ភាគខាងត្បូង​ប្រទេស​ប៉េ​រូ ដើម្បី​ប្រឆាំងនឹង​អាជ្ញាធរ​របស់​ប្រធានាធិបតី​ថ្មី Dina Boluarte និង​ទាមទារ​ឱ្យ​ដោះលែង​អតីត​ប្រធានាធិបតី Pedro Castillo។

អំពើហិង្សា​បានកើត​ឡើង​នៅពេល​មនុស្ស​ប្រហែល 2,000 នាក់ វាយប្រហារ​លើ​កម្លាំង​ប៉ូលិស និង​ទាហាន​ដែល​កំពុង​ការពារ​អាកាសយានដ្ឋាន។ កាលពី​ចុង​សប្ដាហ៍​កន្លង ហ្វូង​បាតុករ​ក៏បាន​ស្វែងរក​វិធី​ដើម្បី​សម្រុក​ចូលទៅក្នុង​ព្រលានយន្តហោះ ប៉ុន្តែ​មិនបាន​សម្រេច។

ស្នូរ​ផ្ទុះ​របស់​គ្រាប់កាំភ្លើង​បាន​លាន់​ឡើង​នៅពេល​ហ្វូង​បាតុករ​គប់​ដុំថ្ម​សំដៅ​ប៉ូលិស។ នាយកដ្ឋាន​សុខាភិបាល​តំបន់ Puno បានឱ្យដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស 17 នាក់​បាន​ស្លាប់ និង 68 នាក់​រងរបួស ក្រោយ​ការប៉ះទង្គិច​គ្នា ក្នុងនោះ​មាន​សាកសព​ខ្លះ​មាន​ស្នាម​គ្រាប់កាំភ្លើង។

AFP ដកស្រង់​សម្ដី​របស់​បាតុករ​ម្នាក់​ឱ្យដឹងថា «ប៉ូលិស​​បាញ់ប្រហារ​លើ​ពួក​ខ្ញុំ»។ ចំណែក Oscar Caceres ដែលជា​អភិបាលក្រុង Juliaca បាន​និយាយថា «ជនជាតិ​ប៉េ​រូ កំពុង​សម្លាប់​គ្នា។ ខ្ញុំ​សូមឱ្យ​គ្រប់គ្នា​ស្ងប់ចិត្ត»។

ចំនួន​មនុស្ស​ស្លាប់​​ក្នុងករណី​ថ្មី​នេះ បានធ្វើឱ្យ​តួលេខ​សរុប​នៃ​អ្នកស្លាប់​​ក្នុងការ​ប៉ះទង្គិច​គ្នា​រវាង​បាតុករ និង​សមត្ថកិច្ច​ប៉េ​រូ ដែល​បាន​ផ្ទុះឡើង​តាំងពីដើម​ខែធ្នូ 2022 កើនឡើង​ដល់ 39 នាក់។

សភា​ប៉េ​រូ បានអនុម័ត​បណ្ដេញ​ប្រធានាធិបតី Castillo ចេញពី​អំណាច​កាលពី​ថ្ងៃទី 07 ធ្នូ 2022 បន្ទាប់ពី​លោក​បានប្រកាស​រំសាយ​សភា​ដើម្បី​ទប់ស្កាត់​ការ​ថ្កោលទោស​របស់​សភា​មកលើ​រូបលោក ទាក់ទង​នឹង​អំពើពុករលួយ។

លោក Castillo ត្រូវបាន​ចាប់ខ្លួន​នៅពេល​លោក​កំពុងធ្វើដំណើរ​ទៅកាន់​ស្ថានទូត​ម៉ុក​ស៊ិ​ក ជាទី​ដែល​លោក​សុំ​សិទ្ធិ​ជ្រកកោន។ លោកស្រី Boluarte ដែល​ធ្លាប់​កាន់តំណែង​អនុ​ប្រធានាធិបតី​ក្នុងសម័យ​របស់លោក Castillo បាន​ឡើងកាន់​អំណាច​ជំនួស​។ ចាប់តាំងពី​ឆ្នាំ 2016 ប្រទេស​ប៉េ​រូ បាន​ឆ្លងកាត់​ប្រធានាធិបតី​ចំនួន 6 រូប​រួចមកហើយ៕

Advertisement