ពិភពទាំងពីរដែលទើបត្រូវបានរកឃើញនេះ មានម៉ាសប៉ុននឹងផែនដី និងវិលយ៉ាងលឿនជុំវិញផ្កាយក្រហម GJ 1002 ដែលមានចម្ងាយ 16 ឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យរបស់មនុស្ស។
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញពិភពខាងក្រៅប្រព័ន្ធព្រះអាទិត្យចំនួន 2 ដែលអាចរស់នៅបាន កំពុងវិលជុំវិញផ្កាយមេរបស់ពួកវាដែលមានឈ្មោះថា GJ 1002។ ពួកវាមានចម្ងាយពីផែនដីត្រឹមតែ 16 ឆ្នាំពន្លឺប៉ុណ្ណោះ និងមានម៉ាសប៉ុននឹងផែនដី ស្ថិតក្នុងតំបន់ដែលអាចមានជីវិត ពោលគឺមិនក្ដៅពេក ហើយក៏មិនត្រជាក់ពេក ដែលអនុញ្ញាតឱ្យមានវត្តមានទឹករាវ។ របកគំហើញនេះត្រូវបានប្រកាសលើទស្សនាវដ្ដី Astronomy & Astrophysics និង Space កាលពីថ្ងៃទី 20 ធ្នូ 2022។
ពិភព GJ 1002b ដែលស្ថិតនៅខាងក្នុងបង្អស់ ចំណាយពេលប្រហែលតែ 10 ថ្ងៃប៉ុណ្ណោះគឺបញ្ចប់ការគោចរមួយជុំផ្កាយមេ ខណៈដែលពិភពមួយទៀតគឺ GJ 1002C ត្រូវការពេល 21 ថ្ងៃ។
យោងតាមក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Canarias (IAC) ផ្កាយ GJ 1002 មានម៉ាសស្មើនឹង 1/8 នៃម៉ាសព្រះអាទិត្យ។
របកគំហើញនេះគឺជាលទ្ធផលនៃកិច្ចសហការរវាងឧបករណ៍ ESPRESSO របស់ស្ថានីយសង្កេតអឺរ៉ុបខាងត្បូង (ESO) ស្ថិតនៅលើសមុទ្រខ្សាច់ Atacama ក្នុងប្រទេសស៊ីលី និង CARMENES ក្នុងឯស្ថានីយ Calar Alto នៅ Andalucia ប្រទេសអេស្ប៉ាញ។ CARMENES តាមដាន GJ 1002 ចាប់ពីឆ្នាំ 2017 ដល់ 2019 ចំណែក ESPRESSO ប្រមូលទិន្នន័យស្ដីពីផ្កាយក្រហមអំឡុងឆ្នាំ 2019 ដល់ 2021៕