ក្រុមបាតុករជនជាតិឃើដ (Kurd) ប៉ះទង្គិចនឹងប៉ូលិសនៅ បារីស នៅពេលពួកគេខឹង និងរិះគន់ថា អាជ្ញាធរធ្វើសកម្មភាពតិចពេកនៅក្នុងការទប់ស្កាត់ករណីបាញ់រះបណ្ដាលឱ្យមនុស្ស 3 នាក់ស្លាប់។
បាតុកម្មហិង្សានេះបានកើតឡើងកាលពីថ្ងៃទី 23 ធ្នូ នៅពេលក្រុមបាតុករព្យាយាមចូលទៅជិតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Gerald Darmanin ក្នុងពេលលោកមកពិនិត្យកន្លែងកើតហេតុនៃករណីបាញ់ប្រហារសម្លាប់មនុស្ស 3 នាក់នៅ រដ្ឋធានីបារីស ដែលបានកើតឡើងប៉ុន្មានម៉ោងមុននោះ។
ក្រុមមនុស្សដែលកំពុងខឹង នាំគ្នាគប់របស់របរសំដៅលើក្រុមប៉ូលិស និងចោទអាជ្ញាធរថា ធ្វើសកម្មភាពតិចពេក មិនអាចទប់ស្កាត់អំពើបាញ់ប្រហារនេះបាន។ ក្រុមបាតុករក៏បានវាយបំផ្លាញរថយន្តប៉ូលិសដែលនៅក្បែរនោះផងដែរ។
កងកម្លាំងប៉ូលិសប្រឆាំងកុបកម្មបារាំង ក្រោយមកក៏បានប្រើប្រាស់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែកដើម្បីរំសាយក្រុមបាតុករ។
សមត្ថកិច្ចបារាំង បានចាប់ខ្លួនជនសង្ស័យនៅក្នុងហេតុការណ៍បាញ់រះដែលបានបណ្ដាលឱ្យមនុស្ស 3 នាក់ស្លាប់ និង 3 នាក់ទៀតរងរបួស។ ជនសង្ស័យវ័យ 69 ឆ្នាំរូបនេះ ធ្លាប់ប្រព្រឹត្តប្រើប្រាស់អាវុធខុសច្បាប់ និងវាយប្រហារលើជនចំណាកស្រុកនៅក្នុងតង់បណ្ដោះអាសន្ននាពេលកន្លង។
សមត្ថកិច្ចបារាំង កំពុងស៊ើបអង្កេតលើលទ្ធភាពដែលថា ការវាយប្រហាររបស់ជនសង្ស័យនេះ គឺជារឿងរើសអើងជាតិសាសន៍។
កាលពីឆ្នាំ 2013 សកម្មជននយោបាយជនជាតិឃើដ 3 រូប ត្រូវបានគេបាញ់សម្លាប់នៅ បារីស ក្នុងនោះក៏មានសមាជិកក្រុមសហស្ថាបនិករបស់ បក្សពលករជាតិឃើដ ផងដែរ៕