Messi និងក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវបោះបង់ការហែក្បួនដោយរថយន្តក្រុងគ្មានដំបូល និងឡើងឧទ្ធម្ភាគចក្រហោះពីលើរដ្ឋធានី ដោយសារមនុស្សរាប់លាននាក់ចេញដើរតាមដងផ្លូវចូលរួមអបអរសាទរជើងឯក World Cup 2022។
ការហែក្បួនដោយរថយន្តក្រុងគ្មានដំបូលនៅលើផ្លូវក្នុង រដ្ឋធានីប៊ុយណូស៊ែ ធ្វើឡើងក្នុងថ្ងៃទី 20 ធ្នូ ដើម្បីឱ្យប្រជាជនអាចចូលរួមសប្បាយនឹងតំណែងជើងឯក World Cup 2022 ដែលក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដណ្ដើមបាន។ យោងតាមការគណនា មនុស្សប្រហែល 4 លាននាក់បានចូលរួមហែក្បួននេះ ធ្វើឱ្យដងផ្លូវត្រូវណែនណាន់តាន់តាប់។
រថយន្តក្រុងត្រូវបរយឺតៗនៅកណ្ដាលហ្វូងមនុស្សរាប់លាននាក់ នៅពេលឆ្ពោះទៅកាន់ Obelisk ព្រោះតែដងផ្លូវចង្អៀតខ្លាំង។ មនុស្សមួយចំនួនថែមទាំងព្យាយាមលោតឡើងរថយន្តក្រុងរបស់ក្រុមបាល់ទាត់។
ក្បួនហែដែលអូសបន្លាយពេល 8 ទៅតាមផែនការ ត្រូវបានកាត់បន្ថយពេលវេលា ដោយសារការបារម្ភអំពីសន្តិសុខ ហើយក្រុមកីឡាករត្រូវចាកចេញពីរថយន្តក្រុង ដើម្បីឡើងឧទ្ធម្ភាគចក្រ។ ឧទ្ធម្ភាគចក្រនេះ ក្រោយមកក៏ហោះក្រឡឹងវិមាន Obelisk ពីលើហ្វូងមនុស្ស។
ក្រុមជម្រើសជាតិអាហ្សង់ទីន បានត្រលប់ទៅដល់ព្រលានយន្តហោះ Ezeiza នៅ រដ្ឋធានីប៊ុយណូស៊ែ វេលាម៉ោងប្រហែល 3 ថ្ងៃទី 20 ធ្នូ ពេលមនុស្សរាប់ពាន់នាក់បានរង់ចាំអបអរសាទរ។
នៅវេលាថ្ងៃត្រង់ មនុស្សរាប់លាននាក់បានប្រមូលផ្ដុំគ្នានៅកណ្ដាលរដ្ឋធានី។ មនុស្សម្នាលើករូបថតរបស់ Messi និងអតីតកំពូលតារាបាល់ទាត់ Diego Maradona ទន្ទឹមនឹងការលេងតន្ត្រី ស្រែកហ៊ោ និងសកម្មភាពផ្សេង។
ដងផ្លូវក៏ចាប់ផ្ដើមទូលាយបន្តិច ក្រោយពីក្រុមបាល់ទាត់ឡើងឧទ្ធម្ភាគចក្រ។ មនុស្សមួយចំនួនសោកស្ដាយ ព្រោះតែមិនបានជួបក្រុមជម្រើសជាតិនេះ។
ដើម្បីចូលរួមអបអរសាទរជ័យជម្នះនៅ World Cup 2022 រដ្ឋាភិបាលអាហ្សង់ទីន កាលពីថ្ងៃទី 20 ធ្នូ បានអនុញ្ញាតឱ្យប្រជាជនឈប់សម្រាកពីការងារមួយថ្ងៃ លើកលែងតែវិស័យចាំបាច់មួយចំនួន៕