អង្គការថាមពលអន្តរជាតិ និយាយថា ប្រាក់ចំណូលរបស់ ប្រទេសរុស្ស៊ី ដែលបានពីរ៉ែប្រេងក្នុងខែវិច្ឆិកា បានថយចុះ បើទោះជាបរិមាណប្រេងដែលបានលក់ចេញបានកើនឡើង ដែលនេះគឺជាសញ្ញាបញ្ជាក់ថា ទណ្ឌកម្មរបស់លោកខាងលិច ចាប់ផ្ដើមមានប្រសិទ្ធភាព។
យោងតាម Guardian ដែលចុះផ្សាយនាថ្ងៃនេះបានឱ្យដឹងថា អង្គការថាមពលអន្តរជាតិ (IEA) គណនាឃើញថា រុស្ស៊ី រកបានចំណូលប្រហែល 15.8 ពាន់លានដុល្លារអាម៉េរិក ពីការលក់ប្រេងនៅក្នុងខែវិច្ឆិកា 2022 ដែលនេះគឺជាកម្រិតទាបទីពីរក្នុងឆ្នាំនេះ។
ចំណែកបរិមាណប្រេងឆៅ និងផលិតផលធ្វើពីប្រេងរបស់ រុស្ស៊ី បានកើនឡើងដល់ 8.1 លានធុង/ថ្ងៃ ដែលនេះគឺជាកម្រិតខ្ពស់បំផុតរាប់ចាប់ពីខែមេសា 2022។
Guardian បានឱ្យដឹងថា នេះទំនងជាសញ្ញាបញ្ជាក់ថា ទណ្ឌកម្មពីបណ្ដាប្រទេសលោកខាងលិចដែលដាក់ទៅលើ ទីក្រុងមូស្គូ ក្នុងបំណងកាត់បន្ថយប្រាក់ចំណូលពីការនាំចេញថាមពលរបស់ រុស្ស៊ី ចាប់ផ្ដើមមានប្រសិទ្ធភាព។
សហភាពអឺរ៉ុប (EU) និង G7 កាលពីថ្ងៃទី 05 ធ្នូ បានឯកភាពគ្នាក្នុងការកំណត់តម្លៃពិតានឱ្យនៅត្រឹម 60 ដុល្លារអាម៉េរិក/ធុង ចំពោះប្រេងដែលដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់ រុស្ស៊ី គ្រាដែលបស្ចិមលោកចង់កាត់បន្ថយប្រាក់ចំណូលរបស់ មូស្គូ ផង និងចង់គ្រប់គ្រងបញ្ហាអតិផរណាក្នុងវិស័យថាមពលផង។ ប្រេងដែលមិនមែនជារបស់ រុស្ស៊ី កាលពីថ្ងៃទី 14 ធ្នូ មានតម្លៃប្រហែល 81 ដុល្លារអាម៉េរិក/ធុង៕