មនុស្សរាប់ពាន់នាក់សម្រុកទៅមើលទិដ្ឋភាពដ៏អស្ចារ្យដែលប្រហែលជាអាចបានឃើញតែម្ដងគត់ក្នុងមួយឆាកជីវិតរបស់មនុស្សម្នាក់ នៅពេលភ្នំភ្លើងធំជាងគេបង្អស់លើពិភពលោក Mauna Loa កំពុងផ្ទុះកំអែ បន្ទាប់ពី «ដេកលក់» ជិត 40 ឆ្នាំ។
ក្រោយពីភ្នំភ្លើង Mauna Loa ចាប់ផ្ដើមផ្ទុះឡើងជាថ្មីកាលពីថ្ងៃទី 27 វិច្ឆិកា 2022 ហើយអាជ្ញាធររបស់ Hawaii ប្រកាសថា មិនមានសញ្ញាបង្ហាញថា កំអែភ្នំឡើងនេះនឹងគំរាមកំហែងដល់ប្រជាជនដែលនៅក្នុងបណ្ដាតំបន់ក្បែរនោះ ភ្លាមនោះវាក៏បានក្លាយជាទេសភាពដ៏អស្ចារ្យ ទាក់ទាញទេសចររាប់ពាន់ រាប់ម៉ឹននាក់មកទស្សនា។
ដំបូងឡើយ មនុស្សម្នាទាំងគ្រួសារៗ ដែលនៅក្បែរតំបន់ភ្នំភ្លើង Mauna Loa នាំគ្នាមកទស្សនា។ ពួកគេនាំយកទាំងសម្ភារប្រើប្រាស់មកជាមួយដើម្បីអាចគយគន់ទិដ្ឋភាពធម្មជាតិនេះបានងាយស្រួល។ បន្ទាប់មក គេឃើញមានទេសចរបរទេសមកទស្សានាច្រើនឡើងៗ ធ្វើឱ្យវិស័យទេសចរណ៍នៅ Hawaii ប្រែជាងើបឡើងយ៉ាងឆាប់រហ័ស។
«ទេសចរណ៍ពេលនេះ ផ្ទុះឡើងវិញហើយ» នាង Marian Somalinog បុគ្គលិករបស់សណ្ឋាគារ Castle Hilo និយាយដូច្នេះ និងបន្ថែមថា «ពួកយើងអស់កន្លែងរហូតដល់ផុតរដូវណូអែល»។
ក្រៅពី Mauna Loa ក៏នៅមានភ្នំភ្លើងតូចមួយទៀតកំពុងផ្ទុះ នោះគឺភ្នំភ្លើង Kilauea។ ទេសចរទៅកាន់ Hawaii អាចទស្សនាភ្នំភ្លើងទាំងពីរក្នុងពេលតែមួយ។
Mauna Loa បានផ្ទុះឡើងជាថ្មីកាលពីថ្ងៃអាទិត្យទី 27 វិច្ឆកា 2022។ ភ្នំភ្លើងដែលស្ថិតនៅលើកោះ Hawaii ក្នុងរដ្ឋ Hawaii សហរដ្ឋអាម៉េរិក គឺជាភ្នំភ្លើងសកម្មធំជាងគេបង្អស់លើពិភពលោក។ មុននោះ ភ្នំភ្លើង Mauna Loa បានផ្ទុះជាលើកចុងក្រោយកាលពីឆ្នាំ 1984៕