ទីក្រុងតេហេរ៉ង់ បានបើកការស៊ើបអង្កេតលើករណីបុរសម្នាក់ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់នៅភាគពាយព្យប្រទេសនេះ ក្រោយការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ និង អាម៉េរិក នៅ World Cup 2022។
«ក្រោយការប្រកួត បុរសម្នាក់ឈ្មោះ Mehran Samak បានស្លាប់យ៉ាងគួរឱ្យសង្ស័យ ដោយសារត្រូវគ្រាប់កាំភ្លើងនៅទីក្រុង Bandar Anzali» Mehdi Fallahmiri រដ្ឋអាជ្ញាតុលាការខេត្ត Gilan នៅភាគពាយព្យនៃ ប្រទេសអ៊ីរ៉ង់ កាលពីម្សិលមិញ បានឱ្យដឹងដូច្នេះ។
មុននោះ ក្រុមសកម្មជនសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅបរទេស បានឱ្យដឹងថា Samak អាយុ 27 ឆ្នាំ ត្រូវបានបាញ់សម្លាប់បន្ទាប់ពីចុចស៊ីផ្លេយានជំនិះដើម្បីអបអរបរាជ័យរបស់ ក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែលបានចាញ់ អាម៉េរិក ក្នុងវគ្គចែកពូលនៅ World Cup 2022។ បរាជ័យនេះមានន័យថា អ៊ីរ៉ង់ ត្រូវបានជម្រុះពី World Cup នៅ កាតា ហើយ អាម៉េរិក បានឡើងទៅវគ្គ 8 ក្រុម។
ក្រុមមន្ត្រីមានសមត្ថកិច្ចរបស់ អ៊ីរ៉ង់ មិនទាន់ឱ្យដឹងថា ជនរងគ្រោះនេះត្រូវបានគេបាញ់សម្លាប់ដោយសារតែការអបអរបរាជ័យរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ឬយ៉ាងណានៅឡើយ។
មេដឹកនាំនៃឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ឧត្ដមសេនីយ៍ទោ Hossein Salami កាលពីថ្ងៃទី 01 ធ្នូ 2022 បាននិយាយថា «សត្រូវរបស់ អ៊ីរ៉ង់» បានធ្វើឱ្យយុវជនមួយចំនួនពេញចិត្តនឹងបរាជ័យរបស់ក្រុមបាល់ទាត់អ៊ីរ៉ង់។
«ថ្ងៃនេះ សត្រូវទាំងអស់កំពុងតែព្យាយាមសាបព្រោះភាពអស់សង្ឃឹមទៅក្នុងបេះដូងយុវវ័យ។ មនុស្សមួយចំនួនថែមទាំងបានបង្ហាញការពេញចិត្តជាមួយនឹងការដែលក្រុមបាល់ទាត់ជម្រើសជាតិត្រូវបានជម្រុះទៀតផង» លោក Hossein Salami ថ្លែងដូច្នេះ។
ក្នុងពេលក្រុមបាល់ទាត់ជម្រើសជាតិរបស់ អ៊ីរ៉ង់ កំពុងប្រកួតនៅ World Cup 2022 បាតុកម្មនៅតែកើតមានឡើងនៅឯ ប្រទេសអ៊ីរ៉ង់ ព្រោះតែការស្លាប់របស់ Mahsa Amini ជានារីម្នាក់មានវ័យ 22 ឆ្នាំ បានបាត់បង់ជីវិតបន្ទាប់ពីត្រូវក្រុមនគរបាលសីលធម៌ចាប់ខ្លួន។ ការប៉ះទង្គិចគ្នាបានបណ្ដាលឱ្យមនុស្សជាង 300 នាក់បាត់បង់ជីវិត ក្នុងនោះមានទាំងសន្តិសុខ និងបាតុករផងដែរ នេះបើតាមមន្ត្រីអ៊ីរ៉ង់។
ជនជាតិអ៊ីរ៉ង់ មួយចំនួន បាន «បែរខ្នង» ដាក់ក្រុមបាល់ទាត់ជម្រើសជាតិ ក្នុងពេលបាតុកម្មកើតឡើង ព្រោះថា ពួកគេចាត់ទុកក្រុមបាល់ទាត់នេះតំណាងឱ្យរដ្ឋាភិបាល ជាជាងប្រជាជន។ វីដេអូលើបណ្ដាញសង្គមបានបង្ហាញថា មនុស្សមួយចំនួនបានអបអរសាទរ ក្រោយពី អ៊ីរ៉ង់ ចាញ់ អង់គ្លេស 2-6 នៅជុំដំបូង និង ចាញ់អាម៉េរិក 0-1 នៅជុំចុងក្រោយនៃវគ្គចែកពូលនៅ World Cup 2022។
អាម៉េរិក និងក្រុមប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មសំដៅលើក្រុមមន្ត្រីរបស់ អ៊ីរ៉ង់ ព្រោះតែបានបង្ក្រាបបាតុកម្ម។ អ៊ីរ៉ង់ ក៏បានដាក់ទណ្ឌកម្មតបត និងចោទថា បស្ចិមលោកកំពុងជំរុញអំពើហិង្សា ជួយដល់បាតុករនៅ អ៊ីរ៉ង់ ដើម្បីច្នៃអាវុធ ឬគ្រាប់បែកសាំងសម្រាប់កុបកម្ម៕