កងទ័ពជើងគោកអាម៉េរិក ប្រគល់កិច្ចព្រមព្រៀងតម្លៃជាង 1 ពាន់លានដុល្លារឱ្យក្រុមហ៊ុន Raytheon ដើម្បីផលិតប្រព័ន្ធការពារដែនអាកាស NASAMS ចំនួន 6 គ្រឿង សម្រាប់ផ្គត់ផ្គង់ឱ្យ ទីក្រុងកៀវ។
មន្ទីរបញ្ចកោណ កាលពីថ្ងៃទី 30 វិច្ឆិកា បានប្រកាសថា កងទ័ពជើងគោកអាម៉េរិក បានប្រគល់កិច្ចព្រមព្រៀងតម្លៃ 1.2 ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនការពារជាតិ Raytheon ដើម្បីផលិត និងផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយមធ្យម NASAMS អមជាមួយនឹងការហ្វឹកហ្វឺន និងជួយដល់ផ្នែកដឹកជញ្ជូនសម្រាប់កងទ័ពរបស់ ប្រទេសអ៊ុយក្រែន។
ប្រព័ន្ធ NASAMS ចំនួន 6 គ្រឿងនេះ ស្ថិតក្នុងកញ្ចប់ជំនួយទី 5 ដែលមានតម្លៃសរុប 2.98 ពាន់លានដុល្លារអាម៉េរិក ដែលស្ថិតក្នុងគំនិតផ្ដួចផ្ដើមជំនួយយោធាសម្រាប់ អ៊ុយក្រែន (USAI)។ មូលនិធិ USAI ដែលត្រូវបានបង្កើតឡើងដោយ សភាអាម៉េរិក នេះ អនុញ្ញាតឱ្យ ប្រធានាធិបតី ចូ បៃដិន ទិញអាវុធពីបណ្ដាក្រុមហ៊ុនការពារជាតិ ជំនួសឱ្យការយកពីឃ្លាំងរបស់ សហរដ្ឋអាម៉េរិក ដើម្បីផ្ដល់ឱ្យ អ៊ុយក្រែន។
មកដល់ពេលនេះ មិនទាន់ដឹងច្បាស់ថា ប្រព័ន្ធទាំងនេះនឹងត្រូវបញ្ចេញ និងប្រគល់ឱ្យ អ៊ុយក្រែន នៅពេលណានៅឡើយ។
សហរដ្ឋអាម៉េរិក គឺជាភាគីដែលផ្ដល់ជំនួយយោធាច្រើនជាងគេបង្អស់សម្រាប់ អ៊ុយក្រែន ក្នុងនោះមានទាំងអាវុធធុនធ្ងន់ដូចជា ប្រព័ន្ធរ៉ុក្កែត HIMARS, កាំភ្លើងធំ M777 និងមីស៊ីលការពារដែនអាកាស NASAMS ជាដើម។ ក្រសួងការបរទេសអាម៉េរិក ឱ្យដឹងថា ជំនួយសរុបរបស់ អាម៉េរិក សម្រាប់ អ៊ុយក្រែន រាប់ចាប់ពីខែមករា 2021 គឺប្រហែល 19.7 ពាន់លានដុល្លារ៕