កងទ័ពអាម៉េរិក ឱ្យដឹងថា មេដឹកនាំ IS ឈ្មោះ Abu al-Hassan al-Hashemi al-Quraishi ត្រូវបានសម្លាប់ដោយក្រុមបះបោរនៅ ប្រទេសស៊ីរី កាលពីពាក់កណ្ដាលខែតុលា 2022។
អ្នកនាំពាក្យរបស់ កងទ័ពអាម៉េរិក កាលពីថ្ងៃទី 30 វិច្ឆិកា បានឱ្យដឹងថា មេដឹកនាំក្រុមភេរវកររដ្ឋអ៊ីស្លាម (IS) ឈ្មោះ Abu al-Hassan al-Hashemi al-Quraishi ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការយោធារបស់ កងទ័ពសេរីស៊ីរី (FSA) តាំងពីខែតុលា នៅឯខេត្ត Daraa។ អ្នកនាំពាក្យរូបនេះបន្ថែមថា ពុំមានទាហានរបស់ សហរដ្ឋអាម៉េរិក ចូលរួមក្នុងយុទ្ធនាការនេះទេ។
មុននោះ អ្នកនាំពាក្យរបស់ ក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក John Kirby និយាយថា ទីក្រុងវ៉ាស៊ីងតោន សាទរចំពោះព័ត៌មានដែលថា មេដឹកនាំម្នាក់ទៀតរបស់ IS ត្រូវបានកម្ចាត់ ប៉ុន្តែ នឹងនៅតែតាមដានព័ត៌មានជាបន្ត។
IS មុននោះក៏បានប្រកាសថា មេដឹកនាំកំពូល Abu al-Hassan ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធជាមួយ «សត្រូវរបស់ព្រះអម្ចាស់» ប៉ុន្តែ មិនបានលើកឡើងអំពីពេលវេលា និងស្ថានភាពស្ដីពីការស្លាប់របស់មេដឹកនាំនេះ។
ក្រុម IS បន្ថែមថា ពួកគេបានជ្រើសរើស Abu al-Husayn al-Husayni al-Qurashi ជាមេដឹកនាំថ្មីទី 4 និងអំពាវនាវដល់សមាជិកទាំងអស់ មានភក្ដីភាពចំពោះមេដឹកនាំថ្មី។ បច្ចុប្បន្នមិនទាន់មានព័ត៌មានស្ដីពី Abu al-Husayn នៅឡើយ។
FSA គឺជាក្រុមបះបោរប្រដាប់អាវុធនៅ ស៊ីរី ដែលគាំទ្រដោយ តួកគី ដើម្បីទប់ស្កាត់ការគ្រប់គ្រងទឹកដីពីសំណាក់កងជីវពលជនជាតិឃឺដ និងរារាំងជនភៀសខ្លួនពី ស៊ីរី ចូលទឹកដីតួកគី។ ក្រុម FSA ត្រូវបាន រដ្ឋាភិបាលស៊ីរី និង រុស្ស៊ី ចាត់ទុកជាក្រុមភេរវកម្ម។
IS បានរងការវាយប្រហារខ្លាំងក្លាចាប់តាំងពី Abu Bakr al-Baghdadi ដែលជាស្ថាបនិករបស់ក្រុមនេះត្រូវបានកម្ចាត់នៅក្នុងការវាយឆ្មក់របស់ អាម៉េរិក នៅ Idlib កាលពីឆ្នាំ 2019។ តាំងពីពេលបាត់បង់មូលដ្ឋានចុងក្រោយនៅតំបន់សមុទ្រខ្សាច់នៅភាគខាងកើតរបស់ ប្រទេសស៊ីរី កាលពីខែ មីនា 2019 ទាហានរបស់ IS ក៏បានដកថយទៅលាក់ខ្លួនក្នុងសមុទ្រខ្សាច់ ហើយពេលខ្លះក៏ចេញមកវាយឆ្មក់លើកងកម្លាំងរបស់ ជនជាតិឃឺដ និង រដ្ឋាភិបាលស៊ីរី៕