ក្នុងកិច្ចសម្ភាសនៅខាងក្រៅកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្ត្រីការបរទេសណាតូ នៅ Bucharest កាលពីថ្ងៃទី 29 វិច្ឆិកា រដ្ឋមន្ត្រីឡេតូនី Edgars Rinkevics បានអំពាវនាវដល់ ណាតូ «អនុញ្ញាត» ឱ្យ អ៊ុយក្រែន ប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់ រុស្ស៊ី។
ឆ្លើយតបនឹងទំព័រ Bloomberg រដ្ឋមន្ត្រីការបរទេស Rinkevics ស្នើថា អ៊ុយក្រែន គួរតែប្រើប្រាស់អាវុធដើម្បីវាយប្រហារទៅលើគោលដៅដែល មូស្គូ ប្រើប្រាស់ក្នុងការវាយប្រហារដោយមីស៊ីលសំដៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ អ៊ុយក្រែន។
«យើងគួរតែអនុញ្ញាតឱ្យ អ៊ុយក្រែន ប្រើប្រាស់អាវុធសំដៅលើគោលដៅដាក់មីស៊ីល ឬព្រលានយន្ត (របស់ រុស្ស៊ី)» លោក Rinkevics ថ្លែងដូច្នេះ។
រដ្ឋមន្ត្រីឡេតូនី បន្ថែមថា ណាតូ «មិនគួរខ្លាច» ភាពតានតឹងដែលនឹងកើនឡើងឡើយ បើទោះ ក្រុមមន្ត្រីនៅ មូស្គូ ធ្លាប់បានព្រមានច្រើនលើកថា ការផ្ដល់អាវុធទៅឱ្យ អ៊ុយក្រែន ពីសំណាក់បស្ចិមលោក នឹងកាន់តែធ្វើឱ្យសង្គ្រាមអូសបន្លាយពេលយូរ។
បច្ចុប្បន្ន ភាគីខាងរុស្ស៊ី និង ណាតូ មិនទាន់មានប្រតិកម្ម ឬអធិប្បាយអ្វីនៅឡើយ ទាក់ទងនឹងការលើកឡើងរបស់ រដ្ឋមន្ត្រីការបរទេសឡេតូនី។
យោងតាម RT ឡេតូនី និងបណ្ដាប្រទេសនៅតំបន់បាល់ទិច គឺជាភាគីដែលគាំទ្រយ៉ាងខ្លាំងក្លាចំពោះ ទីក្រុងកៀវ នៅក្នុងសង្គ្រាមរវាង រុស្ស៊ី និង អ៊ុយក្រែន។ មន្ត្រីកំពូលៗរបស់ប្រទេសទាំងនេះ បានទៅកាន់ អ៊ុយក្រែន ច្រើនលើកមកហើយ ដើម្បីសំដែងការគាំទ្ររបស់ពួកគេ។
ប្រទេសទាំងឡាយនៅតំបន់បាល់ទិច រួមមាន អេស្តូនី, ឡេតូនី និង លីទុយអានី គឺសុទ្ធតែជាសមាជិករបស់ ណាតូ ហើយប្រទេសទាំង 3 នេះក៏មានព្រំដែនជាប់នឹងទឹកដីរបស់ រុស្ស៊ី ផងដែរ៕