រ៉ុក្កែត Long March 2F នាំយានអវកាស Shenzhou រួមនឹងអ្នកអវកាស 3 រូប ពីមជ្ឈណ្ឌលបាញ់បង្ហោះផ្កាយរណប Juiquan នៅតំបន់សមុទ្រខ្សាច់ Gobi នៅវេលាម៉ោង 22 និង 08 នាទី ថ្ងៃទី 29 វិច្ឆិកា (ម៉ោងនៅ កម្ពុជា) ឡើងទៅកាន់ស្ថានីយអវកាសចិន Tiangong។
នៅម៉ោងប្រហែល 22 និង 18 នាទី យានអវកាស Shenzhou 15 ដែលដឹកអវកាសចរ 3 រូប បានផ្ដាច់ខ្លួនពីរ៉ុក្កែត។ អ្នកអវកាស Fei Junlong (ប្រធានក្រុម), Deng Qingming និង Zhang Lu បានចាប់ផ្ដើមចូលចតនៅឯស្ថានីយអវកាស Tiangong នៅវេលាម៉ោង 4 និង 42 នាទី ព្រឹកនេះ។ ម៉ោង 6 និង 33 នាទី ក្រុមអវកាសចរ Shenzhou 14 បានបើកទ្វារទទួលស្វាគមន៍ដំណើរមកដល់របស់ក្រុម Shenzhou 15។ ដូច្នេះ បច្ចុប្បន្ន នៅក្នុងស្ថានីយអវកាស Tiangong របស់ ប្រទេសចិន មានអ្នកអវកាសសរុប 6 នាក់។
បេសកកម្មរបស់ Shenzhou 15 បង្ហាញថា ស្ថានីយអវកាសចិន ចាប់ផ្ដើមដំណើរការពេញលេញ។ ក្រុម Shenzhou 15 នឹងធ្វើការពិសោធជាង 100 ដោយប្រើប្រាស់ទូវិទ្យាសាស្ត្រចំនួន 24 ដែលត្រូវបានរចនាឡើងជាពិសេសនៅក្នុងបណ្ដាម៉ូឌុល Wentian និង Mengtian របស់ស្ថានីយអវកាស Tiangong។
Shenzhou 15 គឺជាបេសកកម្មចុងក្រោយក្នុងចំណោមការបាញ់បង្ហោះចំនួន 11 លើកដើម្បីស្ថាបនាស្ថានីយអវកាស Tiangong ហើយក៏ជាការហោះហើរចុងក្រោយដើម្បីដាក់ឱ្យស្ថានីយនេះដំណើរការពេញលេញ៕