រាជវង្ស Al Thani បានគ្រងរាជសម្បត្តិនៅ កាតា ចាប់ពីពេលរាជាណាចក្រនេះត្រូវបានបង្កើតឡើងកាលពីសតវត្សរ៍ទី 19 ហើយបច្ចុប្បន្នមានទ្រព្យជាង 330 ពាន់លានដុល្លារអាម៉េរិក។
កាតា ជាប្រទេសអារ៉ាប់ដំបូងគេដែលបានធ្វើជាម្ចាស់ផ្ទះរបស់ World Cup គឺជាប្រទេសដែលកាន់លទ្ធិរាជាធិបតេយ្យ ដោយមានស្ដេច (emir) ជាមេដឹកនាំប្រទេស ជាមេបញ្ជាការកំពូលរបស់កងទ័ព និងជានិមិត្តរូបរបស់ប្រទេសជាតិ។ ចាប់ពីឆ្នាំ 1847 មកដល់បច្ចុប្បន្ន កាតា បានឆ្លងកាត់ស្ដេចចំនួន 11 ជំនាន់ ដែលទាំងអស់សុទ្ធតែជាសមាជិករបស់រាជវង្ស Al Thani។
រាជវង្ស Al Thani បានដឹកនាំប្រទេសតាំងពីពេលប្រទេសនេះស្ថិតក្រោមអាណានិគម Ottoman ក្នុងសតវត្សរ៍ទី 19 និងក្រោយមកស្ថិតក្រោមអាណានិគមអង់គ្លេស។ ឆ្នាំ 1868 ចក្រភពអង់គ្លេស បានចុះកិច្ចព្រមព្រៀងជាមួយ Sheikh Jassim bin Mohammed Al Thani ដែលជាស្ថាបនិករបស់ ប្រទេសកាតាសម័យទំនើប ដោយទទួលស្គាល់អាធិបតេយ្យរបស់ប្រទេសនេះ។ ឆ្នាំ 1971 ប្រទេសកាតា ទទួលបានឯករាជ្យបន្ទាប់ពី អង់គ្លេស ចាកចេញពីតំបន់។
មហាក្សត្របច្ចុប្បន្នរបស់ កាតា គឺ ព្រះអង្គម្ចាស់ Sheik Tamim bin Hamad Al Thani ជាបុគ្គលមានអំណាចជាងគេនៅប្រទេសនេះ។ ព្រះអង្គម្ចាស់ Sheikh Tamim ប្រសូត្រនៅថ្ងៃទី 03 មិថុនា 1980 គឺជារាជបុត្រាទី 3 របស់អតីតមហាក្សត្រ Hamad bin Khalifa។ ទ្រង់បានឡើងសោយរាជសម្បត្តិចាប់ពីឆ្នាំ 2013 ក្រោយពីបិតារបស់ព្រះអង្គបានដាក់រាជ្យ។ ព្រះអង្គម្ចាស់ Sheik Tamim រៀបអភិសេក 3 លើករួចមកហើយ និងមានបុត្រា 7 អង្គ និងបុត្រី 6 អង្គ។
រាជវង្ស Al Thani មានសមាជិកសរុបជាង 20,000 អង្គ ក្នុងនោះមាន 200 អង្គកំពុងកាន់តំណែងខ្ពស់ក្នុងប្រព័ន្ធនយោបាយ និងប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសកាតា នេះបើតាមក្រុមហ៊ុន Priya Dsouza។
រាជវង្ស Al Thani បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រហែល 335 ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ មហាក្សត្រ Sheikh Tamim មានទ្រព្យប្រហែល 2 ពាន់លានដុល្លារ៕