ប្រព័ន្ធការពាររយៈចម្ងាយឆ្ងាយ L-SAM របស់ កូរ៉េខាងត្បូង ដែលមានមុខងារដូចទៅនឹង THAAD របស់ សហរដ្ឋអាម៉េរិក បានកម្ទេចគោលដៅដែលគេធ្វើត្រាប់កាំជ្រួចប្លោងដោយជោគជ័យ នៅក្នុងការសាកល្បងកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី 22 វិច្ឆិកា មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា ប្រទេសនេះបានសាកល្បងដោយជោគជ័យនូវប្រព័ន្ធការពាររយៈចម្ងាយឆ្ងាយ L-SAM ដែលបាញ់ស្កាត់គោលដៅនានាដែលគេធ្វើត្រាប់កាំជ្រួចប្លោងរបស់សត្រូវ។ ពេលវេលា និងទីតាំងសាកល្បងមិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ ប៉ុន្តែ នេះទំនងជាលើកដំបូងដែលប្រព័ន្ធ L-SAM បាញ់សំដៅគោលដៅជាក់លាក់។
ប្រកាសខាងលើត្រូវបានលើកឡើងនៅក្នុងគ្រាដែល កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលប្លោងជាបន្តបន្ទាប់ ក្នុងនោះមានករណីបាញ់មីស៊ីលម្ដង 23 គ្រាប់កាលពីថ្ងៃទី 02 វិច្ឆិកា និងការបាញ់មីស៊ីលអន្តរទ្វីប (ICBM) Hwasong-17 ដែលអាចបាញ់បានចម្ងាយ 15,000 គីឡូម៉ែត្រ កាលពីថ្ងៃទី 18 វិច្ឆិកា។
L-SAM គឺជាប្រព័ន្ធការពារដែនអាកាសក្នុងស្រុករបស់ កូរ៉េខាងត្បូង ដែលបំពាក់មីស៊ីល 2 ប្រភេទ និងត្រូវបានអភិវឌ្ឍដោយអង្គភាពអភិវឌ្ឍការពារជាតិ (ADD)។ L-SAM ត្រូវបានអភិវឌ្ឍឡើងដើម្បីវាយស្កាត់មីស៊ីលប្លោង ហើយនឹងក្លាយជាស្រទាប់ការពាររយៈចម្ងាយឆ្ងាយនៅក្នុងប្រព័ន្ធខែលការពារដែនអាកាសច្រើនស្រទាប់របស់ប្រទេសនេះ។
តាមផែនការ ADD នឹងបង្ហើយដំណើរការអភិវឌ្ឍ L-SAM នៅឆ្នាំ 2024 ដើម្បីអាចផលិតក្នុងបរិមាណច្រើនចាប់ពីឆ្នាំ 2026 និងដាក់ពង្រាយចាប់ពីឆ្នាំ 2027៕