ក្រសួងហិរញ្ញវត្ថុអាម៉េរិក បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីងតោន និងសម្ព័ន្ធមិត្តគ្រោងនឹងកំណត់តម្លៃពិតានលើប្រេងរបស់ រុស្ស៊ី ចាប់ពីថ្ងៃទី 05 ធ្នូ 2022 ដើម្បីកាត់ផ្ដាច់ប្រភពហិរញ្ញវត្ថុសំខាន់របស់ ទីក្រុងមូស្គូ។
កាលពីថ្ងៃទី 22 វិច្ឆិកា មន្ត្រីជាន់ខ្ពស់មួយរូបរបស់ ក្រសួងហិរញ្ញវត្ថុអាម៉េរិក និយាយថា សហភាពអឺរ៉ុប (EU) កំពុងប្រមូលមតិរបស់សមាជិកស្ដីពីតម្លៃ ហើយលោកខាងលិចនឹងអនុវត្តជំហានបន្ទាប់ដើម្បីកំណត់តម្លៃពិតានរបស់ ប្រេងរុស្ស៊ី ក្រោយពីនីតិវិធីនានាត្រូវបានបំពេញរួចរាល់។
តម្លៃពិតាននឹងក្លាយជាមូលដ្ឋានសម្រាប់ទណ្ឌកម្មដែលមានសុពលភាពចាប់ពីថ្ងៃទី 05 ធ្នូ 2022 ដែលហាមឃាត់បណ្ដាក្រុមហ៊ុនដឹកជញ្ជូន ឬផ្គត់ផ្គង់ការធានារាប់រងដល់ប្រេងរបស់ រុស្ស៊ី ដែលលក់ក្នុងតម្លៃខ្ពស់ជាងការកំណត់។
មន្ត្រីខាងលើបន្ថែមថា មិនមានមូលហេតុណាមួយដែលឱ្យគេយល់ថា ទីក្រុងមូស្គូ នឹងសងសឹកចំពោះគោលនយោបាយថ្មីនេះ ព្រោះថា «សកម្មភាពណាមួយក្នុងបំណងដំឡើងថ្លៃនឹងជះឥទ្ធិពលដល់អតិថិជនថ្មីរបស់ពួកគេ មានដូចជា ឥណ្ឌ និង ចិន ជាដើម»។
ក្រុមមន្ត្រីរបស់លោកខាងលិចនិយាយថា តម្លៃពិតាននៅតែអនុញ្ញាតឱ្យ រុស្ស៊ី រកបានប្រាក់ចំណេញ ប៉ុន្តែ មិនអនុញ្ញាតឱ្យពួកគេមានប្រភពចំណូលធំពីការឡើងថ្លៃប្រេង។
សង្គ្រាមនៅ អ៊ុយក្រែន ដែលបានផ្ទុះឡើងកាលពីថ្ងៃទី 24 កុម្ភៈ 2022 បានធ្វើឱ្យតម្លៃថាមពលកើនឡើងខ្ពស់ខ្លាំង នាំមកនូវប្រាក់ចំណេញយ៉ាងសម្បើមដល់ រុស្ស៊ី ហើយជួយឱ្យប្រទេសនេះកាត់បន្ថយបាននូវផលប៉ះពាល់ពីទណ្ឌកម្មដែលលោកខាងលិចបានដាក់លើ ទីក្រុងមូស្គូ។ សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត ឱ្យដឹងថា ការកំណត់តម្លៃពិតានលើប្រេង មិនត្រឹមតែដើម្បីដកហូតប្រភពចំណូលរបស់ រុស្ស៊ី នោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឡើងថ្លៃថាមពលនៅទូទាំងពិភពលោកផងដែរ៕