រដ្ឋមន្ត្រីការពារជាតិអាម៉េរិក យល់ថា អ៊ុយក្រែន នឹងមានប្រៀបជាងនៅក្នុងរដូវរងា ហើយធ្វើឱ្យ រុស្ស៊ី ពិបាកផ្ដល់អាវុធដល់ទាហានដែលកំពុងធ្វើសង្គ្រាម។
«ខ្ញុំយល់ថា អ៊ុយក្រែន នឹងមានប្រៀបនៅក្នុងការប្រយុទ្ធដូចបច្ចុប្បន្ន ពួកគេនឹងបន្តរក្សាស្ថានភាពនេះនៅពេលឈាមចូលដល់រដូវរងា ដូចទៅនឹងអ្វីដែលយើងបានឃើញកាលពីខែកុម្ភៈ» រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក Lloyd Austin ថ្លែងនៅឯមន្ទីរបញ្ចកោណ នាថ្ងៃនេះ។
រដ្ឋមន្ត្រី Austin បន្ថែមថា «មួយវិញទៀត រុស្ស៊ី កំពុងធ្វើសង្គ្រាមនៅបរទេស ហើយ អ៊ុយក្រែន បង្កឧបសគ្គដល់បណ្ដាញផ្គត់ផ្គង់របស់ពួកគេ។ រុស្ស៊ី នឹងមានការលំបាកខ្លាំងក្នុងការផ្ដល់សព្វាវុធចាំបាច់ដើម្បីទាហានអាចប្រយុទ្ធប្រកបដោយប្រសិទ្ធភាព»។
អគ្គមេបញ្ជាការកងទ័ពអាម៉េរិក លោក Mark Alexander Milley អះអាងថា អាកាសធាតុក្នុងរដូវរងា និងភក់ល្បាប់ នឹងធ្វើឱ្យសកម្មភាពយោធានៅ អ៊ុយក្រែន ប្រែទៅជាលំបាកជាងមុន ហើយសមរភូមិពី Kharkov ដល់ Kherson កំពុងបន្ថយល្បឿន។ ប៉ុន្តែ ផ្ទៃដីរឹងនៅក្នុងរដូវរងាចាប់ពីខែមករាដល់កុម្ភៈ 2023 អាចជួយឱ្យការផ្លាស់ទីមានភាពងាយស្រួលជាងមុន ដូច្នេះសង្គ្រាមអាចមានសភាពខ្លាំងក្លាឡើងវិញ។
ភាគីខាងរុស្ស៊ី មិនទាន់បញ្ចេញប្រតិកម្មណាមួយនៅឡើយ ទាក់ទងនឹងការលើកឡើងរបស់ក្រុមមន្ត្រីការពារជាតិអាម៉េរិក៕