ស្រឡាងដឹកអ្នកដំណើរ 271 នាក់ បានឆាបឆេះនៅលើសមុទ្រក្បែរកោះ Bali ប្រទេសឥណ្ឌូណេស៊ី កាលពីម្សិលមិញ ប៉ុន្តែមិនទាន់មានព័ត៌មានស្ដីពីករណីស្លាប់នៅឡើយ។
ស្រឡាង Mutiara Timur I កំពុងដឹកអ្នកដំណើរ 236 នាក់ និងបុគ្គលិកស្រឡាង 35 នាក់ កាលពីថ្ងៃទី 16 វិច្ឆិកា បានឆេះនៅលើឆកសមុទ្រ Bali ចម្ងាយប្រហែល 1.5 គីឡូម៉ែត្រពីឆ្នេរសមុទ្រ Karangasem។
មេដឹកនាំក្រុមសង្គ្រោះនៅ Bali បានឱ្យដឹងថា បុគ្គលិកសង្គ្រោះ ទាហានជើងទឹក និងប្រជានេសាទបានសហការគ្នាឈ្លៀសអ្នកដំណើរចេញពីស្រឡាង។ បច្ចុប្បន្ន មិនទាន់មានរបាយការណ៍អំពីករណីស្លាប់នៅឡើយ។
យោងតាមមេដឹកនាំក្រុមសង្គ្រោះនៅ Bali លោក Gede Darmada អគ្គិភ័យកើតឡើងនៅពេលស្រឡាងនេះកំពុងធ្វើដំណើរពីទីរួមស្រុក Ketapang នៅ កោះជ្វាខាងកើត ទៅកាន់កំពង់ផែ Lembar របស់ខេត្ត Nusa Tenggara។
គ្រោះថ្នាក់ផ្លូវទឹកដោយសារតែការដាក់មនុស្សលើសចំណុះ និងស្ដង់ដាសុវត្ថិភាពទាប កើតឡើងជាញឹកញាប់នៅ ឥណ្ឌូណេស៊ី ដែលជាប្រទេសមានកោះរហូតដល់ជាង 17,000 កោះ និងជាទីដែលស្រឡាងត្រូវបានប្រើប្រាស់ច្រើនសម្រាប់ការធ្វើដំណើរ។
កាលពីឆ្នាំ 2018 ស្រឡាងមួយគ្រឿងដែលកំពុងដឹកមនុស្សប្រហែល 200 នាក់ បានលិចនៅឯបឹងទឹកជ្រៅមួយនៅក្នុងខេត្ត Sumatra ខាងជើង បណ្ដាលឱ្យមនុស្ស 167 នាក់បាត់បង់ជីវិត។ ឆ្នាំ 1999 កប៉ាល់ដឹកមនុស្ស 332 នាក់បានលិច ក្នុងនោះមានមនុស្សតែ 20 ប៉ុណ្ណោះដែលត្រូវបានជួយសង្គ្រោះទាន់ពេល៕