(សហរដ្ឋអាម៉េរិក)-ក្រោយការពន្យារពេលអស់ជាច្រើនដង ចុងក្រោយរ៉ុក្កែត និងយានអវកាសនៃបេសកកម្ម Artemis 1 បានចាកចេញពីប្រព័ន្ធទម្រ 39B នៅ មជ្ឈមណ្ឌលអវកាស Kennedy នៅវេលាម៉ោង 13 និង 48 នាទី ថ្ងៃទី 16 វិច្ឆិកា 2022 (ម៉ោងនៅ កម្ពុជា)។
បេសកម្ម Artemis 1 រួមមាន យានអវកាស Orion ដែលបំពាក់ពីលើប្រព័ន្ធរ៉ុក្កែត SLS ត្រូវបាននាំទៅកាន់ប្រព័ន្ធបាញ់បង្ហោះកាលពីថ្ងៃទី 04 វិច្ឆិកា។ នេះគឺជាលើកទី 4 ហើយដែលប្រព័ន្ធទាំងនេះត្រូវបានដាក់ទៅក្នុងប្រព័ន្ធទម្រ។
រ៉ុក្កែត SLS និងយាន Orion គឺជាមធ្យោបាយ 2 ក្នុងចំណោមផ្នែកសំខាន់ៗនៃផែនការនាំមនុស្សឡើងទៅកាន់ឋានព្រះចន្ទជាថ្មីរបស់ ណាសា។ SLS គឺជារ៉ុក្កែតកម្លាំងខ្លាំងបំផុតរបស់ ណាសា ដែលមានទម្ងន់ប្រហែល 2,500 តោន និងកម្ពស់ជិត 100 ម៉ែត្រ។ ចំណែកយាន Orion ទម្ងន់ 23 តោន និងអង្កត់ផ្ចិត 5 ម៉ែត្រ។
Artemis 1 គឺជាបេសកកម្មដំបូងសម្រាប់កម្មវិធី Artemis របស់ ណាសា ដែលគ្រោងនឹងនាំមនុស្សឡើងទៅរស់នៅ និងធ្វើការយូរអង្វែងលើឋានព្រះចន្ទ។ ក្នុងបេសកកម្មដំបូងដែលគ្រោងនឹងអូសបន្លាយពេល 42 ថ្ងៃនេះ យានគ្មានមនុស្ស Orion នឹងហោះទៅកាន់គន្លងគោចររបស់ព្រះចន្ទ រួចត្រលប់មកផែនដីវិញ។
គោលបំណងនៃបេសកកម្មដំបូងនេះគឺចង់បញ្ជាក់ថា យានអវកាស និងរ៉ុក្កែត បានត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្ដើមនាំមនុស្សឡើងទៅឋានព្រះចន្ទ ក៏ដូចជាគោលដៅឆ្ងាយៗជាងនេះ។
តាមផែនការ កម្មវិធី Artemis របស់ ណាសា ត្រូវបានចែកជា 3 ដំណាក់កាល។ ក្រោយបេសកកម្ម Artemis 1 នេះ Artemis 2 នឹងនាំអ្នកអវកាសឡើងទៅហោះជុំវិញព្រះចន្ទនៅឆ្នាំ 2024 ហើយ Artemis 3 នឹងដឹកអវកាសចរទៅចុះចតលើដីព្រះចន្ទតែម្ដង នៅឆ្នាំ 2025៕