លោក ចូ បៃដិន បានព្រមានថា វិបត្តិអាកាសធាតុកំពុងតែគំរាមកំហែងដល់ «ភាពរស់រានរបស់ពិភពផែនដី» និងជំរុញឱ្យបណ្ដាប្រទេសបញ្ចេញសកម្មភាពបន្ថែមទៀតដើម្បីកាត់បន្ថយការបំភាយកាបូន។
«វិបត្តិអាកាសធាតុគឺជាបញ្ហាសន្តិសុខរបស់មនុស្សជាតិ សន្តិសុខសេដ្ឋកិច្ច សន្តិសុខបរិស្ថាន សន្តិសុខជាតិ និងជារឿងស្លាប់រស់របស់ពិភពផែនដី» ប្រធានាធិបតីអាម៉េរិក លោក បៃដិន ថ្លែងកាលពីថ្ងៃទី 11 វិច្ឆិកា នៅក្នុងសន្និសីទស្ដីពីបម្រែបម្រួលអាកាសធាតុ របស់ អង្គការសហប្រជាជាតិ ឆ្នាំ 2022 (COP29) នៅទីក្រុង Sharm el-Sheikh នៃ ប្រទេសអេហ្ស៊ីប។
ប្រធានាធិបតីអាម៉េរិក ក៏បានអះអាងថា សហរដ្ឋអាម៉េរិក កំពុងតែដើរលើផ្លូវត្រូវដើម្បីទៅដល់ឆ្នាំ 2030 សម្រេចបានគោលដៅកាត់បន្ថយការបំភាយឧស្ម័នបានពី 50 ទៅ 52%។
លោក បៃដិន ក៏បានជំរុញឱ្យបណ្ដាប្រទេសបញ្ចេញសកម្មភាពបន្ថែមទៀតដើម្បីកាត់បន្ថយការបំភាយកាបូន ក្នុងបំណងគ្រប់គ្រងស្ថានភាពឡើងកម្ដៅទូទាំងសកលលោក។ «នេះគឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់មេដឹកនាំទូទាំងពិភពលោក» លោក បៃដិន ថ្លែងដូច្នេះ។
ប្រធានាធិបតីអាម៉េរិក បន្តថា «បណ្ដាប្រទេសដែលមានលទ្ធភាព គួរតែជួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍដើម្បីឱ្យពួកគេអាចដាក់ចេញនូវការសម្រេចចិត្តទាក់ទងនឹងអាកាសធាតុ បង្កលក្ខណៈងាយស្រួលសម្រាប់ដំណើរការផ្លាស់ប្ដូរថាមពលរបស់ពួកគេ និងកសាងផ្លូវទៅកាន់ការរីកចម្រើនសមស្របជាមួយនឹងអាកាសធាតុរបស់យើង»។
សន្និសីទអាកាសធាតុ COP27 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី 06 ដល់ 18 វិច្ឆិកា 2022 នៅ អេហ្ស៊ីប។ អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី 07 វិច្ឆិកា បានព្រមានថា បណ្ដាប្រទេសមាន 2 ជម្រើសគឺ សាមគ្គីក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ឬ «ធ្វើអត្តឃាតជាក្រុម»៕