Skip to content

ណាសា​ បញ្ជូន​យាន​ទៅ​កាន់​អាចម៍​ផ្កាយ​មួយ​ដួង​ដែល​មាន​ដែក​តម្លៃ​ 10,000,000,000,000,000,000 ដុល្លារ​នៅ​ឆ្នាំ​ក្រោយ​

យាន​អវកាស​ណាសា គ្រោង​នឹង​ហោះ​ទៅកាន់​អាចម៍​ផ្កាយ​មួយ​ដួង​ដែល​មាន​ផ្ទុក​លោហធាតុ​មាន​តម្លៃ​យ៉ាង​សម្បើម ​រួម​មាន មាស នីកែល ដែកជា​ដើម​ មាន​តម្លៃ​ប្រហែល 10,000,000,000,000,000,000 ដុល្លារ​អាម៉េរិក នៅ​ខែ​តុលា 2023​។

ក្រោយ​ការ​ពន្យារ​ពេល​ច្រើន​លើក ណាសា នឹង​បន្ត​អនុវត្ត​បេសក​កម្ម​ស្រាវជ្រាវ 16 Psyche ដែល​ជា​អាចម៍​ផ្កាយ​មួយ​ដួង​ស្ថិត​នៅ​ក្នុង​ខ្សែក្រវាត់​អាចម៍ផ្កាយ​ (Asteroid belt) នេះ​បើ​តាម Futurism ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី 02 វិច្ឆិកា។

16 Psyche មាន​ទំហំ​ស្មើ​នឹង​ 1% នៃ​ទំហំ​សរុប​របស់​ខ្សែក្រវាត់​អាចម៍​ផ្កាយ​ និង​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​ស្នូល​របស់​ភព​បុរាណ​មួយ​។ ទំហំ​របស់ 16 Psyche មិន​​ជា​រឿង​ដែល​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ចាប់​អារម្មណ៍​ឡើយ ប៉ុន្តែ បរិមាណ​លោហ​ធាតុ​ និង​ប្រភព​របស់​វា​ទើប​គួរ​ឱ្យ​យក​ចិត្ត​ទុកដាក់​។ វា​ត្រូវ​បាន​គេ​ជឿ​ថា មាន​ដែក នីកែល និង​មាស​យ៉ាង​ច្រើន​សន្ធឹក​ដែល​មាន​តម្លៃ​ប្រមាណ 10,000,000,000,000,000,000 (10 quintillions) ដុល្លារ​អាម៉េរិក ច្រើន​ជាង​តម្លៃ​សេដ្ឋកិច្ច​ទាំង​មូល​របស់​មនុស្ស​ជាតិ​នៅ​លើ​ផែនដី​។

ណាសា បាន​បញ្ជាក់​ថា យាន​អវកាស​របស់​ខ្លួន​នឹង​ត្រូវ​បាន​បញ្ជូន​ឡើង​ដោយ​រ៉ុក្កែត Falcon Heavy របស់ SpacX យ៉ាង​ឆាប់​ត្រឹម​ថ្ងៃទី 10 តុលា 2023​។

Psyche 16 ត្រូវ​បាន​រកឃើញ​ដំបូង​កាល​ពី​ឆ្នាំ 1852។ ក្រុម​អ្នកវិទ្យា​សាស្ត្រ​យល់​ថា នេះ​គឺជា​ដាន​របស់​ពិភព​បុរាណ​មួយ​ដែល​ត្រូវ​បាន​កម្ទេច​ដោយ​ការ​ប៉ះទង្គិច​នៅ​ពេល​ប្រព័ន្ធ​ព្រះអាទិត្យ​កំពុង​កកើត​។ អាចម៍​ផ្កាយ​នេះ​មាន​ទទឹង​ប្រហែល 225 គីឡូម៉ែត្រ​៕

Leave a Reply

Your email address will not be published. Required fields are marked *