ស្ពានយោល Morbi ត្រូវបានក្រុមហ៊ុនផលិតនាឡិកាជួសជុលក្នុងរយៈពេល 6 ខែ មុនពេលបាក់ បណ្ដាលឱ្យមនុស្សយ៉ាងតិច 141 នាក់ត្រូវបាត់បង់ជីវិត។
ស្ពានយោលឆ្លងកាត់ទន្លេ Machchhu ក្នុងទីរួមស្រុក Morbi រដ្ឋ Gujarat បានបាក់កាលពីព្រលប់ថ្ងៃទី 30 តុលា ក្រោយពីបើកឱ្យឆ្លងកាត់ឡើងវិញបាន 4 ថ្ងៃ។ ស្ពានដែលមានទទឹង 1.25 ម៉ែត្រ និងបណ្ដោយជាង 230 ម៉ែត្រនេះ ត្រូវបានសាងសង់តាំងពីឆ្នាំ 1877 ហើយត្រូវបានបិទជាបណ្ដោះអាសន្នដើម្បីជួសជុលក្នុងរយៈពេល 6 ខែ។
ការជួសជុលស្ពាននេះត្រូវបានក្រុមហ៊ុន Oreva ដែលមានទីស្នាក់ការកណ្ដាលនៅក្នុងរដ្ឋ Gujarat ទទួលខុសត្រូវទៅតាមកិច្ចសន្យា 15 ឆ្នាំជាមួយនឹងអាជ្ញាធរឥណ្ឌា។ បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជា Oreva ដែលជាអ្នកជំនាញខាងផលិតនាឡិកា និងម៉ូតូអគ្គិសនី បែរជាទទួលបានសិទ្ធិជួសជុលស្ពាននេះ។
សារព័ត៌មានឥណ្ឌា បានឱ្យដឹងថា Oreva បានជួលក្រុមហ៊ុនម៉ៅការសំណង់មួយគឺ Devprakash Solutions ទទួលបន្ទុកបញ្ហាបច្ចេកទេសក្នុងការជួសជុល។ ក្រោយពីបានបើកឱ្យប្រើប្រាស់ឡើងវិញកាលពីថ្ងៃទី 26 តុលា Oreva ទទួលបានសិទ្ធិយកថ្លៃពីអ្នកឆ្លងកាត់ 0.21 ដុល្លារអាម៉េរិក/ម្នាក់។
Sandipsinh Zala ដែលជាមន្ត្រីមួយរូបរបស់រដ្ឋ Gujarat បានថ្លែងថា Oreva បានបើកឱ្យប្រើប្រាស់ស្ពាននេះដោយចិត្តឯង នៅពេលរដ្ឋមិនទាន់អនុញ្ញាត។ Sandeep Singh ដែលជាមន្ត្រីមួយរូបផ្សេងទៀតបានឱ្យដឹងថា តាមធម្មតា «មានមនុស្សតែ 20 ទៅ 25 នាក់ ឆ្លងកាត់ស្ពានក្នុងពេលតែមួយ» ដើម្បីការពារសុវត្ថិភាព។
ក្រុមមន្ត្រីឥណ្ឌា ឱ្យដឹងថា នៅពេលស្ពាន Morbi បាក់ គឺមានមនុស្សជិត 500 នាក់ ក្នុងនោះមានទាំងស្ត្រី និងកុមារ កំពុងស្ថិតនៅលើស្ពាន និងនៅជុំវិញស្ពាន ដើម្បីចូលរួមពិធីបុណ្យពន្លឺ Diwali របស់សាសនាហិណ្ឌូ។
ក្រុមមន្ត្រីស្រាវជ្រាវបានប្រមូលសំណាករបស់ស្ពាននេះ និងបានរកឃើញថា មូលហេតុនៃករណីបាក់គឺដោយសារមនុស្សច្រើនលើសចំណុះ។
ចំណែក Jaysukhbhai Patel ប្រធានក្រុមហ៊ុន Oreva និយាយថា ក្រុមហ៊ុនយកថ្លៃអ្នកឆ្លងកាត់ស្ពានគឺដើម្បីបញ្ចៀសបញ្ហាមនុស្សឆ្លងកាត់ច្រើន ប៉ះពាល់ដល់គុណភាពរបស់ស្ពាន។
ប៉ូលិសឥណ្ឌា បានបើកការស៊ើបអង្កេត និងបានចាប់ខ្លួនអ្នកទទួលខុសត្រូវក្នុងការជួសជុល ថែទាំ និងគ្រប់គ្រងស្ពាននេះ ចំនួន 9 នាក់ ប៉ុន្តែមិនទាន់ប្រកាសអំពីអត្តសញ្ញាណរបស់មនុស្សទាំងនេះនៅឡើយ៕