រដ្ឋបាលព្រៃឈើរដ្ឋ North Rhine-Westphalia របស់ ប្រទេសអាល្លឺម៉ង់ កំពុងសាកល្បងបំពាក់ឧបករណ៍ GPS នៅក្នុងកំណាត់ឈើដើម្បីទប់ស្កាត់បញ្ហាលួចឧសដែលកំពុងផ្ទុះការបារម្ភនៅមុនរដូវរងាឆ្នាំនេះ។
ជីស៊ីណូ (Chisinau) ដែលជារដ្ឋធានីរបស់ ម៉ុលដាវី (Moldavia ឬផ្លូវការហៅថា Moldova) លោក Tudor Popescu កំពុងរក្សាទុកគំនរឧសដ៏ធំមួយនៅក្នុងឃ្លាំងដើម្បីអាចកម្ដៅផ្ទះរបស់គាត់នៅក្នុងរដូវរងាខាងមុខ។
ក្នុងរដូវរងាមុនៗ លោក Popescu ធ្លាប់ប្រើប្រាស់ឧស្ម័នដើម្បីកម្ដៅផ្ទះនៅពេលព្រឹក និងដុតឧសនៅពេលយប់។ ក៏ប៉ុន្តែ ម៉ុលដូវ៉ា ដែលជាប្រទេសនៅ អឺរ៉ុបខាងកើត កំពុងប្រឈមមុខនឹងបញ្ហាខ្វះឧស្ម័នបន្ទាប់ពីក្រុមហ៊ុន Gazprom របស់ រុស្ស៊ី បានកាត់បន្ថយប្រភពផ្គត់ផ្គង់ប្រមាណ 1/3។
«ខ្ញុំនឹងមិនប្រើប្រាស់ឧស្ម័នទៀតឡើយ ពេលនេះពឹងផ្អែកទាំងស្រុងទៅលើឧស» លោក Popescu និយាយនៅពេលកំពុងចាត់ចែកឧសដែលបានពុះរួច។ «ប៉ុន្តែ ឧសដែលមានបច្ចុប្បន្នគឺមិនគ្រប់គ្រាន់»។
ក្រោយរយៈច្រើនខែដែលបាន «ដុតដៃដុតជើង» ក្នុងការរកទិញឧស្ម័នរាវ (LNG) នៅទូទាំងពិភពលោក បរិមាណឧស្ម័នរួមនៅ អឺរ៉ុប បានកើនដល់ 93.6% ក្នុងនោះ អាល្លឺម៉ង់ បំពេញឧស្ម័នក្នុងឃ្លាំងបាន 97.5%។ តម្លៃឧស្ម័នក៏ថយចុះច្រើន ដោយបច្ចុប្បន្នមិនស្មើនឹង 1/3 នៃតម្លៃខ្ពស់បំផុតនៅរដូវក្ដៅ ប៉ុន្តែ ក្រុមអ្នកវិភាគនិយាយថា ហានិភ័យនៅតែមាននៅខាងមុខ ព្រោះស្ថានភាពអាស្រ័យលើអាកាសធាតុ។ បើសិនរដូវរងាឆ្នាំនេះចុះត្រជាក់ខ្លាំងជាងឆ្នាំមុនៗ ហានិភ័យខ្វះឧស្ម័នប្រើប្រាស់នៅតែកើតមាន។
ដោយសារតែការបារម្ភដូចខាងលើនេះហើយ បាននាំឱ្យមនុស្សមួយចំនួននៅ អឺរ៉ុប ពិសេសគឺបណ្ដាប្រទេសក្រីក្រ ត្រូវងាកទៅរកវិធីកម្ដៅផ្សេងទៀតដូចជា ការប្រើប្រាស់ឧសជាដើម នៅពេលរដូវរងាជិតមកដល់។
តម្រូវការកើនឡើងខ្ពស់ ធ្វើឱ្យប្រភពផ្គត់ផ្គង់ឧសធ្លាក់ទៅក្នុងបញ្ហាកង្វះខាត ហើយតម្លៃក៏កើនឡើងខ្ពស់ បណ្ដាលឱ្យមានការបារម្ភអំពីអំពើលួចឧស និងការកាប់ឈើខុសច្បាប់ មិនថានៅប្រទេសអ្នកមាន ឬប្រទេសក្រីក្រ។
ក្រុមមន្ត្រីគ្រប់គ្រងព្រៃឈើនៅប្រទេសមួយចំនួននៅ អឺរ៉ុប ក្នុងនោះមាន អាល្លឺម៉ង់ ផងដែរ បានចាប់ផ្ដើមបង្កើនការប្រើប្រាស់បច្ចេកវិទ្យា ក្នុងនោះមានការបំពាក់ GPS លើកំណាត់ឈើជាដើម ដើម្បីតាមដានសកម្មភាពក្នុងតំបន់ព្រៃ ក្នុងបំណងការពារព្រៃឈើនៅចំពោះមុខការព្រួយបារម្ភអំពីផលប៉ះពាល់ដល់បរិស្ថាន និងការកាប់បំផ្លាញព្រៃឈើដែលមិនអាចគ្រប់គ្រងបាន៕