ស្ពានយោលមួយនៅក្នុងរដ្ឋ Gugarat របស់ ឥណ្ឌា កាលពីម្សិលមិញបានបាក់ធ្លាក់ចូលទៅក្នុងទឹក នៅពេលមានមនុស្សរាប់រយនាក់កំពុងឆ្លងកាត់ បណ្ដាលឱ្យមានមនុស្សយ៉ាងតិច 120 នាក់ត្រូវបាត់បង់ជីវិត។
យោងតាមទូរទស្សន៍ក្នុងស្រុក Zee News ស្ពានយោលនៅក្នុងទីរួមស្រុក Morbi រដ្ឋ Gujarat បានបាក់កាលពីព្រលប់ថ្ងៃទី 30 តុលា នៅពេលមានមនុស្សប្រហែល 150 នាក់កំពុងឆ្លងកាត់ នេះបើតាម Harsh Sanghavi ដែលជាមមន្ត្រីរបស់រដ្ឋ Gujarat។ ជនរងគ្រោះជាច្រើនត្រូវធ្លាក់ចូលទៅក្នុងទឹកទន្លេ Machchu ដែលនៅខាងក្រោមស្ពាននេះ។
ចំណែកសារព័ត៌មាន The Telegraph បានឱ្យដឹងថា មានមនុស្សប្រហែល 400 នាក់កំពុងស្ថិតនៅលើស្ពាននៅពេលមានហេតុការណ៍នេះ។
Amit Jhala អ្នកគ្រប់គ្រងជាន់ខ្ពស់របស់មន្ទីរពេទ្យរដ្ឋមួយដែលព្យាបាលជនរងគ្រោះក្នុងករណីបាក់ស្ពាននេះបានឱ្យដឹងថា មនុស្សជាច្រើនត្រូវបានសង្គ្រោះ និងជាច្រើននាក់បានបាត់ខ្លួន»។ «យើងកំពុងប្រឹងប្រែងជួយសង្គ្រោះ» Rahul Tripathi មន្ត្រីនគរបាលនៅកន្លែងកើតហេតុនិយាយដូច្នេះ។
គ្រោះថ្នាក់បាក់ស្ពាននេះអាចបណ្ដាលមកពីមនុស្សច្រើនលើសចំណុះប្រមូលផ្ដុំគ្នានៅលើស្ពាន។ យោងតាមសាក្សីនៅកន្លែងកើតហេតុ នៅពេលស្ពានបាក់ មនុស្សម្នាដួលគរលើគ្នាគួរឱ្យរន្ធត់។
ស្ពានយោលប្រវែង 230 ម៉ែត្រត្រូវបានសាងសង់តាំងពីសតវត្សរ៍ទី 19 នៅពេល ឥណ្ឌា ស្ថិតក្រោមអាណានិគមអង់គ្លេស។ វាត្រូវបានបិទរយៈពេល 6 ខែដើម្បីជួសជុល និងទើបតែត្រូវបានដាក់ឱ្យប្រើប្រាស់ឡើងវិញកាលពីសប្ដាហ៍កន្លង។
នាយករដ្ឋមន្ត្រី Narendra Modi ដែលកំពុងស្ថិតនៅឯស្រុកកំណើត Gujarat បានឱ្យដឹងថា លោកបានណែនាំឱ្យអភិបាលរដ្ឋនេះ បញ្ជូនកម្លាំងសង្គ្រោះបន្ទាន់ដើម្បីជួយដល់ជនរងគ្រោះ៕