មនុស្សរាប់ពាន់នាក់ប្រជ្រៀតគ្នាឆ្លងកាត់ផ្លូវមួយនៅទីប្រជុំជន Itaewon ក្នុង រដ្ឋធានីសេអ៊ូល ដើម្បីចូលរួមពិធីបុណ្យ Halloween បណ្ដាលឱ្យកើតមានហេតុការណ៍ជាន់គ្នាស្លាប់យ៉ាងតិច 151 នាក់។
ហេតុការណ៍ប្រជ្រៀតជាន់គ្នាខាងលើកើតឡើងកាលពីយប់ថ្ងៃទី 29 តុលា នៅពេលមនុស្សម្នាប្រជ្រៀតគ្នាដើរឆ្លងកាត់ផ្លូវតូច និងជ្រាលមួយនៅក្បែរសណ្ឋាគារ Hamilton។ អាជ្ញាធរមិនទាន់ប្រកាសជាផ្លូវការអំពីមូលហេតុដែលនាំឱ្យមនុស្សម្នាប្រជ្រៀត រុញច្រានគ្នា និងជាន់គ្នានេះនៅឡើយ។
ពិធីបុណ្យ Halloween ខាងលើត្រូវបានគេគណនាឃើញថា មានមនុស្សប្រហែល 100,000 នាក់ចូលរួម ដែលនេះក្លាយជាព្រឹត្តិការណ៍ធំជាងគេបំផុតនៅ កូរ៉េខាងត្បូង ក្នុងរយៈពេលច្រើនឆ្នាំមកនេះ។
អង្គភាពប្រតិកម្មរហ័សរបស់ កូរ៉េខាងត្បូង បានទទួលការហៅទូរស័ព្ទ 81 លើកពីគ្រប់កន្លែងក្នុងតំបន់ Itaewon ដែលប្រាប់ថា ពួកគេពិបាកដកដង្ហើម។ នៅកន្លែងកើតហេតុ កម្លាំងសង្គ្រោះធ្វើចលនាបេះដូង និងសួតដើម្បីជួយដល់មនុស្សយ៉ាងតិច 50 នាក់ដែលកំពុងគាំងបេះដូង។
មន្ត្រីរបស់អង្គភាពពន្លត់អគ្គិភ័យកូរ៉េខាងត្បូង ឱ្យដឹងថា បុគ្គលិកជាង 400 នាក់ និងយានយន្តសង្គ្រោះបន្ទាន់ 140 គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។
ទីភ្នាក់ងារសារព័ត៌មាន Yonhap ចេញផ្សាយថា ជនរងគ្រោះភាគច្រើនគឺជាស្ត្រីដែលមានវ័យលើពីម្ភៃឆ្នាំ។
អាជ្ញាធរសេអ៊ូល កំពុងរៀបផែនការស្រាវជ្រាវរកមូលហេតុដែលនាំឱ្យកើតមានហេតុការណ៍ដ៏សោកសៅនេះ។
កូរ៉េខាងត្បូង ធ្លាប់កើតមានហេតុការណ៍រត់ជាន់គ្នាជាច្រើនលើមកហើយ ក្នុងនោះ ករណីកាលពីឆ្នាំ 2005 នៅទីក្រុង Sangju បានសម្លាប់មនុស្ស 11 នាក់ និង 60 នាក់រងរបួស។ 4 ឆ្នាំក្រោយមក ករណីរត់ជាន់គ្នាមួយនៅ Changyeong ក៏បានសម្លាប់មនុស្ស 4 នាក់ និងរបួសជាង 60 នាក់។