មនុស្សយ៉ាងតិច 50 នាក់ត្រូវការជំនួយដង្ហើមបន្ទាន់ព្រោះតែគាំងបេះដូងនៅក្នុងករណីរត់ជាន់គ្នាក្នុងពិធីបុណ្យ Halloween នៅតំបន់ Itaewon នៃ រដ្ឋធានីរបស់ ប្រទេសកូរ៉េខាងត្បូង។
ក្រុមមន្ត្រីនៅ សេអ៊ូល បានឱ្យដឹងថា ហេតុការណ៍រត់ជាន់គ្នានេះត្រូវបានរាយការណ៍នៅម៉ោង 22 និង 15 នាទី (ប្រហែលម៉ោង 20 និង 15 នាទី នៅ កម្ពុជា) ទាក់ទិននឹងពិធីជប់លៀនបុណ្យ Halloween នៅតំបន់ Itaewon។
យោងតាមស្ថិតិបឋម មនុស្ស 100 នាក់បានរងគ្រោះក្នុងហេតុការណ៍នេះ ក្នុងនោះមានប្រហែល 50 នាក់ត្រូវការធ្វើចលនាបេះដូង និងសួតជាបន្ទាន់ និងត្រូវបានគេបញ្ជាក់ថា បេះដូងឈប់ដើរ។
សារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍ថា ហេតុការណ៍ដែលបានកើតឡើងនៅក្បែរសណ្ឋាគារ Hamilton នេះ អាចបណ្ដាលមកពីមនុស្សច្រើននាំគ្នាសម្រុកចូលទៅកាន់បារមួយកន្លែង បន្ទាប់ពីដឹងថា មានបុគ្គលល្បីឈ្មោះម្នាក់បង្ហាញខ្លួននៅទីនោះ។
ប្រធានាធិបតី និង នាយករដ្ឋមន្ត្រីរបស់ កូរ៉េខាងត្បូង បានស្នើឱ្យសមត្ថកិច្ចជួយសង្គ្រោះអាយុជីវិតជនរងគ្រោះឱ្យបានលឿនបំផុត និងអស់ពីសមត្ថភាព។
ក្រុមមន្ត្រីសុខាភិបាល និងអង្គភាពដោះស្រាយហេតុការណ៍បន្ទាន់ក៏ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ខណៈដែលមន្ទីរពេទ្យនៅក្បែរៗនោះក៏ត្រូវបានស្នើឱ្យត្រៀមកន្លែងសម្រាប់សង្គ្រោះបន្ទាន់ផងដែរ។
អាជ្ញាធរសេអ៊ូល កំពុងរៀបផែនការស្រាវជ្រាវរកមូលហេតុដែលនាំឱ្យកើតមានហេតុការណ៍ដ៏សោកសៅនេះ។
កូរ៉េខាងត្បូង ធ្លាប់កើតមានហេតុការណ៍រត់ជាន់គ្នាជាច្រើនលើមកហើយ ក្នុងនោះ ករណីកាលពីឆ្នាំ 2005 នៅទីក្រុង Sangju បានសម្លាប់មនុស្ស 11 នាក់ និង 60 នាក់រងរបួស។ 4 ឆ្នាំក្រោយមក ករណីរត់ជាន់គ្នាមួយនៅ Changyeong ក៏បានសម្លាប់មនុស្ស 4 នាក់ និងរបួសជាង 60 នាក់។