បារម្ភអំបើសិនជា កូរ៉េខាងត្បូង រងការវាយប្រហារពីអាវុធនុយក្លេអែរ Lee Tae-goo នឹងចុះទៅក្នុងបន្ទប់លាក់ខ្លួនក្រោមដី និងនៅទីនេះពីរសប្ដាហ៍ដើម្បីចៀសវាងពីវិទ្យុសកម្ម។
ដោយមានជញ្ជាំងក្រាស់សង់អំពីបេតុង ច្រកចេញចូលធ្វើអំពីដែកថែប និងប្រព័ន្ធបន្សុទ្ធខ្យល់ សាស្ត្រាចារ្យផ្នែកស្ថាបត្យកម្មកូរ៉េខាងត្បូង Lee Tae-goo ជឿជាក់ថា បន្ទប់ក្រោមដីនេះអាចជួយឱ្យលោករស់រានមានជីវិតក្នុងគ្រោះមហន្តរាយនុយក្លេអែរ និងអាចទប់ទល់នឹងមីស៊ីលធម្មតាបាន។
បន្ទប់ក្រោមដីនេះស្ថិតនៅក្នុងបរិមាណក្បែរផ្ទះរបស់លោក Lee នៅក្នុងទីក្រុង Jecheon ចម្ងាយពី រដ្ឋធានីសេអ៊ូល ប្រហែល 120 គីឡូម៉ែត្រទៅទិសអាគ្នេយ៍។ លោក Lee បានចំណាយប្រាក់អស់ប្រហែល 70 លានវ៉ុន (48,000 ដុល្លារអាម៉េរិក) ក្នុងការសាងសង់បន្ទប់ក្រោមដី ហើយនេះមិនទាន់គិតដល់ថ្លៃកម្មករនៅឡើយ។
ខ្ទង់ប្រាក់ខាងលើត្រូវបានចំណាយដោយកម្មវិធីស្រាវជ្រាវមួយរបស់ ក្រសួងអប់រំកូរ៉េខាងត្បូង បន្ទាប់ពីលោក Lee បានដាក់សំណើ និងបានទទួលការយល់ព្រម។ នេះគឺជាផ្នែកមួយនៅក្នុងយុទ្ធនាការរបស់សាស្ត្រាចារ្យ Lee ក្នុងបំណងអំពាវនាវដល់ ប្រជាជនកូរ៉េខាងត្បូង យកចិត្តទុកដាក់ជាងមុននៅក្នុងការត្រៀមខ្លួនដើម្បីទប់ទល់នឹងមហន្តរាយនុយក្លេអែរ។
«កូរ៉េខាងជើង មានចម្ងាយពីទីនេះត្រឹមតែ 100 គីឡូម៉ែត្រ ហើយពួកគេអាចបាញ់មីស៊ីលបំពាក់នុយក្លេអែរ ឬជីវសាស្ត្រ» សាស្ត្រាចារ្យ Lee មកពីសាកលវិទ្យាល័យ Semyung និយាយដូច្នេះ។ លោក Lee ក៏មានការបារម្ភអំពីលទ្ធភាពដែលរោងចក្រប្រតិកម្មនុយក្លេអែររបស់ កូរ៉េខាងត្បូង ជួបបញ្ហាដូចទៅនឹងមហន្តរាយនៅ Fukushima របស់ ជប៉ុន។
កូរ៉េខាងត្បូង និង កូរ៉េខាងជើង ជាមូលដ្ឋានគឺនៅតែស្ថិតក្នុងស្ថានការណ៍សង្គ្រាម ព្រោះថា ជម្លោះប្រដាប់អាវុធចន្លោះពីឆ្នាំ 1950 ដល់ 1953 ត្រូវបានបញ្ចប់ដោយកិច្ចព្រមព្រៀងផ្អាកការប្រយុទ្ធតែប៉ុណ្ណោះ មិនមែនជាសន្ធិសញ្ញាសន្តិភាពឡើយ។ ភាគីទាំងពីរតែងតែចោទប្រកាន់គ្នាថា «មានសកម្មភាពបង្កហេតុ» ធ្វើឱ្យភាពតានតឹងមានហានិភ័យក្លាយជាជម្លោះប្រដាប់អាវុធ។
កូរ៉េខាងជើង បានសាកល្បងអាវុធនុយក្លេអែរ 6 លើកមកហើយ ក្នុងនោះ លើកដំបូងគឺនៅឆ្នាំ 2006 និងបានបាញ់សាកល្បងមីស៊ីលជាច្រើនលើក។ ថ្មីៗនេះ ទីក្រុងព្យុងយ៉ាង ក៏បានឱ្យដឹងថា ពួកគេបានធ្វើសមយុទ្ធ «វាយប្រហារដោយអាវុធនុយក្លេអែរយុទ្ធសាស្ត្រ» ក្រោមការតាមដានរបស់មេដឹកនាំ គីម ជុងអុន។
យោងតាមលោក Lee អ្នកដែលបានសាងសង់បន្ទប់លាក់ខ្លួនក្រោមដីដូចលោក ភាគច្រើនមិនចង់ឱ្យគេដឹង ព្រោះខ្លាចថា នឹងមានញាតិមិត្ត អ្នកជិតខាងមកសុំជ្រក។
«កាលពីពេលខ្ញុំកំពុងសង់បន្ទប់ក្រោមដីនេះ អ្នកណាៗក៏និយាយថា ពួកគេនឹងមកលាក់ខ្លួននៅទីនេះ បើសិន កូរ៉េខាងត្បូង ត្រូវរងការវាយប្រហារ។ បន្ទប់ក្រោមដីនេះដាក់មនុស្សបានតែ 12 នាក់ប៉ុណ្ណោះ៕