អគ្គលេខាធិការនៃអង្គការណាតូ Stoltenberg ប្រកាសថា មិនអនុញ្ញាតឱ្យលោក ពូទីន ឈ្នះសង្គ្រាមនៅ អ៊ុយក្រែន ហើយថា នឹងជួយដល់កងកម្លាំងរបស់ ទីក្រុងកៀវ រហូតដល់អស់ការចាំបាច់។
«ជាមូលដ្ឋាន មិនអាចសន្និដ្ឋានបានចំពោះសង្គ្រាមនេះ។ ខ្ញុំមិនមានការសន្និដ្ឋានថា សង្គ្រាមនឹងអូសបន្លាយដល់ពេលណា គ្រាន់តែចង់អះអាងថា យើងខ្ញុំនឹងជួយដល់ អ៊ុយក្រែន រហូតដល់អស់ការចាំបាច់។ យើងមិនអាចបណ្ដោយឱ្យលោក វ្ល៉ាឌីមៀ ពូទីន ឈ្នះសង្គ្រាមនេះ» អគ្គលេខាធិការនៃអង្គការណាតូ Stoltenberg
ឆ្លើយក្នុងកិច្ចសម្ភាសនៅឯកិច្ចប្រជុំជាមួយ នាយករដ្ឋមន្ត្រីរូម៉ានី Nicolae Ciuca នៅទីស្នាក់ការកណ្ដាលរបស់ ណាតូ នៅ ព្រុចសែល ប្រទេសបែហ្សិក កាលពីថ្ងៃទី 26 តុលា។
លោក Stoltenberg យល់ថា ការឈ្នះសង្គ្រាមរបស់ រុស្ស៊ី «នឹងជាគ្រោះមហន្តរាយ សោកនាដកម្មសម្រាប់ ជនជាតិអ៊ុយក្រែន ហើយក៏ធ្វើឱ្យសម្ព័ន្ធមិត្តណាតូ ងាយរងគ្រោះជាងមុន»។
សង្គ្រាមនៅ អ៊ុយក្រែន មិនមែនបានចាប់ផ្ដើមពីខែកុម្ភៈ 2022 ឡើយ ប៉ុន្តែ កើតឡើងតាំងពីឆ្នាំ 2014 ពេលដែលលោក ពូទីន បានរឹបអូប ឧបទ្វីបគ្រីមៀ ហើយ រុស្ស៊ី ចាប់ផ្ដើមគ្រប់គ្រងតំបន់ Donbass នៅភាគខាងកើតនៃ ទឹកដីអ៊ុយក្រែន។ «អ្វីដែលបានកើតឡើងកាលពីខែកុម្ភៈ គឺជាភាពតានតឹងដែលបានកើនឡើងពេញលេញ ជាសង្គ្រាមទូទៅ» អគ្គលេខាធិការនៃអង្គការណាតូ Stoltenberg និយាយដូច្នេះ។
លោក Stoltenberg អះអាងថា កងទ័ពរុស្ស៊ី កំពុងបរាជ័យនៅ អ៊ុយក្រែន ក្នុងគ្រាដែលកងទ័ពរបស់ ទីក្រុងកៀវ កំពុងមានថាមពលខ្លាំងឡើង។
យោងតាមលោក Stoltenberg សង្គ្រាមស្ទើរតែទាំងអស់ សុទ្ធតែត្រូវបានបញ្ចប់នៅឯតុចរចា ហើយអ្វីដែល អ៊ុយក្រែន អាចសម្រេចបាននៅលើតុចរចា គឺអាស្រ័យទាំងស្រុងលើកម្លាំងនៅឯសមរភូមិ។ ដូច្នេះ ណាតូ គួរតែបង្កើនកម្លាំងរបស់ពួកគេនៅលើតុចរចា តាមរយៈការផ្ដល់ជំនួយយោធាដល់ អ៊ុយក្រែន។
ភាគីខាងរុស្ស៊ី មិនទាន់មានការអធិប្បាយអ្វីនៅឡើយ ទាក់ទងនឹងការលើកឡើងរបស់ អគ្គលេខាធិការនៃអង្គការណាតូ ខាងលើ៕