សភាជាន់ទាបកាណាដា បានច្រានចោលសំណើរបស់ បក្ស Bloc Quebecois ក្រោយពីបក្សនេះនិយាយថា ដល់ពេលដែលត្រូវកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងរបបរាជានិយមអង់គ្លេស។
សំណើផ្ដាច់ទំនាក់ទំនងជាមួយនឹងរបបរាជានិយមអង់គ្លេស ដែលលើកឡើងដោយបក្ស Bloc Quebecois ត្រូវបានច្រានចោលនៅក្នុងការបោះឆ្នោតសភាជាន់ទាបកាណាដា កាលពីថ្ងៃទី 26 តុលា ដោយទទួលបានការគាំទ្រចំនួន 44 សំឡេង និងប្រឆាំងចំនួន 266 សំឡេង។
ការបោះឆ្នោតខាងលើត្រូវបានធ្វើឡើងបន្ទាប់ពី Yves-Francois Blanchet មេដឹកនាំបក្ស Bloc Quebecois កាលពីថ្ងៃទី 25 តុលា យល់ថា ស្វាមីភក្ដិជាមួយនឹងរបបរាជានិយមនៅបរទេស មិនត្រឹមតែហួសសម័យនោះទេ ប៉ុន្តែថែមទាំងត្រូវចំណាយច្រើនទៀតផង។ លោក Yves-Francois Blanchet និយាយថា ការប្រគល់អំណាចថ្វាយមហាក្សត្រ Charles ទីបី នៅលើកនេះគឺជាឱកាសដើម្បីឱ្យ កាណាដា អាចផ្ដាច់ទំនាក់ទំនងជាមួយរាជានិយមអង់គ្លេស។
យោងតាមលោក Yves-Francois Blanchet សមាជិកបក្ស Bloc Quebecois ត្រូវបាន «បង្ខំឱ្យស្បថថាស្មោះត្រង់នឹងរបបរាជានិយមអង់គ្លេស» ហើយមានអារម្មណ៍ថា សម្បថរបស់ពួកគេគឺជារឿង «គ្មានន័យ»។ លោកសង្កត់ធ្ងន់ថា ក្រុមតំណាងរាស្ត្រ Bloc Quebecois ស្បថដោយមានភក្ដីភាពចំពោះតែ ប្រជាជន Quebec តែប៉ុណ្ណោះ។
តំណាងរាស្ត្រច្រើនរូបរបស់ កាណាដា ចោទប្រកាន់ថា លោក Blanchet លើកឡើងនូវបញ្ហាដែលមិនទាន់ទង ហើយកំពុងរកវិធីទាក់ទាញចំណាប់អារម្មណ៍។ ពួកគេយល់ថា ប្រជាជនកាណាដា កំពុងបារម្ភអំពីបញ្ហាដទៃ មានដូចជា សេដ្ឋកិច្ច អាកាសធាតុ និងការថែទាំសុខភាព។
នៅ កាណាដា ការផ្ដាច់ទំនាក់ទំនងជាមួយរបបរាជានិយមអង់គ្លេស ទាមទារឱ្យមានការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដោយមានការគាំទ្រទាំងស្រុងពីសភាខេត្តទាំង 10 រួមនឹងសមាជិកសភាជាតិ។
ក្រោយពី មហាក្សត្រីអង់គ្លេស Elizabeth ទីពីរ បានចូលទិវង្គតកាលពីថ្ងៃទី 08 កញ្ញា មហាក្សត្រ Charles ទីបី ដែលជាអ្នកស្នងរាជសម្បត្តិ និងឡើងគ្រងរាជកាលពីថ្ងៃទី 10 កញ្ញា បានក្លាយជាមេដឹកនាំរបស់ ប្រទេសអង់គ្លេស កាណាដា អូស្ត្រាលី នូវែលសេឡង់ និងបណ្ដាប្រទេសផ្សេងទៀតនៅក្នុង សមាគមប្រទេសជាតិខំមិនវែល (commonwealth of nations)។
ក្រៅពី កាណាដា ក៏មានប្រទេសមួយចំនួនទៀត ដូចជា អូស្ត្រាលី និង នូវែសេឡង់ ជាដើម ធ្លាប់និយាយដល់លទ្ធភាពក្លាយជាសាធារណរដ្ឋ ប៉ុន្តែមិនបានចាត់ទុកថា នេះគឺជាគោលដៅបន្ទាន់៕