អាចម៍ផ្កាយខ្នាតធំមួយដែលមានអង្កត់ផ្ចិតប្រហែលពី 305 ទៅ 740 ម៉ែត្រ នឹងហោះមកក្បែរផែនដីនៅថ្ងៃទី 01 វិច្ឆិកាខាងមុខ។
អាចម៍ផ្កាយដែលត្រូវបានគេដាក់ឈ្មោះឱ្យថា 2022 RM4 ហោះហើរក្នុងល្បឿន 84,490 គីឡូម៉ែត្រ/ម៉ោង គ្រោងនឹងហោះកាត់ពីមុខផែនដីក្នុងគម្លាត 2.3 លានគីឡូម៉ែត្រ ឆ្ងាយជាងប្រហែល ៦ ដង បើធៀបនឹងគម្លាត 384,472 គីឡូម៉ែត្រ រវាងផែនដី និងព្រះចន្ទ។
បើទោះជាហោះហើរក្បែរផែនដី ប៉ុន្តែ 2022 RM4 នឹងមានលទ្ធភាពតិចតូចណាស់ក្នុងបង្កគ្រោះថ្នាក់ដល់ពិភពលោក។ ក្រុមអ្នកវិទ្យាសាស្ត្រគណនាឃើញថា អាចម៍ផ្កាយនេះនឹងហោះកាត់ពីមុខផែនដីនៅក្នុងខែវិច្ឆិកា 2022។
យោងតាមអ្នកវិទ្យាសាស្ត្រ Gretchen Benedix មកពីសាកលវិទ្យាល័យ Curtin អត្រានៃការហោះមកបុកផែនដីរបស់អាចម៍ផ្កាយដូច 2022 RM4 គឺ 1/100,000 ឆ្នាំ អាស្រ័យលើទំហំរបស់ពួកវា។
អាចម៍ផ្កាយគឺជាដុំថ្មអវកាសដែលគោចរជុំវិញព្រះអាទិត្យ។ អង្គការណាសា បានរកឃើញថា ក្នុងប្រព័ន្ធព្រះអាទិត្យបច្ចុប្បន្នមានអាចម៍ផ្កាយចំនួន 1,113,527 ដុំ។ ពួកវាវិលជុំវិញព្រះអាទិត្យ និងប្រមូលផ្ដុំនៅតំបន់អវកាសចន្លោះពីពិភពអង្គារ និងពិភពព្រហស្បតិ៍ (Jupiter)។ អាចម៍ផ្កាយភាគច្រើនមានប្រវែងចាប់ពី 10 ម៉ែត្រ ដល់ 529 ម៉ែត្រ៕