នាវាទេសចរណ៍មួយគ្រឿងដែលដឹកភ្ញៀវ និងក្រុមនាវិក 254 នាក់ បានឆាបឆេះនៅលើសមុទ្ររបស់ ឥណ្ឌូណេស៊ី បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច 14 នាក់។
នាវា KM Express Cantika 77 កាលពីថ្ងៃទី 24 តុលា បានកើតមានអគ្គិភ័យនៅពេលធ្វើដំណើរពីទីក្រុង Kupang ខេត្ត Nusa Tengara ខាងកើត ឆ្ពោះទៅកាន់ទីរួមស្រុក Kalabahi នៅលើកោះ Alor។ អណ្ដាតភ្លើងបានឆាបឆេះចេញពីជាន់ខាងលើបង្អស់របស់នាវា បណ្ដាលឱ្យភ្ញៀវជាច្រើននាក់ត្រូវលោតចូលទៅក្នុងសមុទ្រ។
ក្រុមមន្ត្រីក្នុងតំបន់បានបញ្ជូនកប៉ាល់សង្គ្រោះជាច្រើនគ្រឿងទៅកាន់កន្លែងកើតហេតុ ខណៈកប៉ាល់របស់ប្រជានេសាទក៏ចេញទៅជួយ។
បេសកកម្មសង្គ្រោះបានជួយជីវិតមនុស្ស 241 នាក់ ក្នុងចំណោមភ្ញៀវ និងក្រុមនាវិក 254 នាក់ ដែលស្ថិតនៅលើនាវា ខណៈដែល «មនុស្ស 13 នាក់បានស្លាប់» នេះបើតាម AFP ដកស្រង់សម្ដីរបស់ Isyak Nuka ប្រធានមន្ទីរដឹកជញ្ជូនខេត្ត Nusa Tenggara ខាងកើត។ ទំព័រ Nusadaily បានឱ្យដឹងថា តួលេខអ្នកស្លាប់ក្នុងហេតុការណ៍នេះមានចំនួន 14 នាក់។
សមត្ថកិច្ចរបស់ ឥណ្ឌូណេស៊ី កំពុងស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់នេះ។ ព័ត៌មានដំបូងបានឱ្យដឹងថា នាវា KM Express Cantika 77 មានសមត្ថភាពផ្ទុកមនុស្ស 250 នាក់។