ជនដៃដល់បានបាញ់សម្លាប់មនុស្សពីរនាក់ និងបង្ករបួសស្នាមដល់មនុស្សច្រើននាក់នៅឯសាលារៀនមួយក្នុងរដ្ឋ Missouri សហរដ្ឋអាម៉េរិក មុនពេលប្រយុទ្ធជាមួយក្រុមប៉ូលិស និងត្រូវបានកម្ចាត់។
ករណីបាញ់រះនេះកើតឡើងនៅឯវិទ្យាល័យសិល្បៈទស្សនីយភាព និងសម្ដែង (CVPA) ក្នុងទីក្រុង St. Louis នៃរដ្ឋ Missouri សហរដ្ឋអាម៉េរិក កាលពីព្រឹកថ្ងៃទី ២៤ តុលា នៅពេលជនដៃដល់ប្រើប្រាស់កាំភ្លើងវែងបាញ់ប្រហារទៅលើមនុស្សម្នា។
ស្នងការប៉ូលិសក្រុង St. Louis លោក Michael Sack បានឱ្យដឹងថា សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ និងបានប្រយុទ្ធជាមួយខ្មាន់កាំភ្លើង។ ជនសង្ស័យត្រូវគ្រាប់ និងបានស្លាប់ក្នុងមន្ទីរពេទ្យ។
ជនរងគ្រោះ ៨ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ក្នុងនោះមាននារីពេញវ័យម្នាក់ និងសិស្សស្រីម្នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់បន្ទាប់ពីទៅដល់មន្ទីរពេទ្យ។ លោក Sack ឱ្យដឹងថា ពួកគេបានស្លាប់ដោយសារត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ។
អត្តសញ្ញាណជនសង្ស័យមិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ ប៉ុន្តែ ក្រុមមន្ត្រីនិយាយថា ខ្មាន់កាំភ្លើងមានអាយុជាង ២០ ឆ្នាំ និងមិនទាន់ដឹងច្បាស់អំពីមូលហេតុនៅពីក្រោយអំពើបាញ់ប្រហារនេះ៕