Skip to content

ជះដំឡូង​បារាំង​កិន​លើ​ផ្ទាំង​គំនូរ​តម្លៃ​ ១១១ លាន​ដុល្លារ​ ដើម្បី​ប្រឆាំង​នឹងឥន្ធនៈ​ហ្វូស៊ីល​

ក្រុម​សកម្មជន​នាំ​គ្នា​ជះ​​ដំបូង​បារាំង​កិន​ទៅ​លើ​ផ្ទាំង​គំនូរ​ដែល​មានតម្លៃ​ ១១១ លាន​ដុល្លារ​អាម៉េរិក របស់​វិចិត្រករ Claude Monet ដែល​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរ​ ហើយ​ស្រែក​ហ៊ោ​ពាក្យ​ប្រឆាំង​នឹង​ឥន្ធនៈ​ហ្វូស៊ីល​។

«បើ​សិន​ជា​ត្រូវ​ការ​រូប​គំនូរ​ដែល​ត្រូវ​ជះ​ដំឡូង​បារាំង​កិន​ ឬ​ចាក់​ទឹក​ប៉េងប៉ោះ​ដើម្បី​ដាស់​ឱ្យ​សង្គម​ដឹង​ថា ឥន្ធនៈ​ហ្វូស៊ីល​កំពុង​តែ​សម្លាប់​មនុស្ស​គ្រប់​គ្នា នោះ​យើង​ខ្ញុំ​នឹង​ឱ្យ​គ្រប់​គ្នា​មើល​ឃើញ​ថា គំនូរ​ដែល​ត្រូវ​ជះ​ដំឡូង​បារាំង​កិន​មាន​រូប​រាង​បែប​ណា» ក្រុម​ការ​ពារ​បរិស្ថាន​ Last Generation (ជំនាន់​ចុង​ក្រោយ) សរសេរ​នៅ​ក្នុង​វីដេអូ​បង្ហោះ​លើ Twitter កាល​ពី​ថ្ងៃទី ២៣ តុលា​ដូច្នេះ​។

ស្លៀក​ពាក់​ឈុត​ខ្មៅ និង​អាវ​ក្រៅ​ពណ៌​ទឹក​ក្រូច​ សកម្មជន​បរិស្ថាន​ ២ រូប បាន​ជះ​ដំឡូង​បារាំង​កិនទៅ​លើ​ផ្ទាំង​គំនូរ​ Les Meules ដែល​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរ Barberini នៅ Postdam នៃ​ ប្រទេស​អាល្លឺម៉ង់ មុន​ពេល​អង្គុយ​ចុះ​នៅ​ខាង​មុខ​ផ្ទាំង​គំនូរ​ និង​ច្រត់​ដៃ​ម្ខាង​ទៅ​លើ​ជញ្ជាំង​។

«តើ​ត្រូវ​ការ​ជះ​ដំឡូង​បារាំង​កិន​ទៅ​លើ​ផ្ទាំង​គំនូរ​ទើប​ធ្វើ​ឱ្យ​អស់​លោក​ចេះ​ស្ដាប់​? គំនូរ​នេះ​នឹង​មិន​មាន​តម្លៃ​អ្វី​ទាំង​អស់​ បើ​សិន​យើង​គ្រប់​គ្នា​ត្រូវ​ប្រយុទ្ធ​​គ្នា​ដើម្បី​ដណ្ដើម​អាហារ» សកម្ម​ជន​ម្នាក់​និយាយ​ដូច្នេះ​។

សកម្មជន​បរិស្ថាន​ ២ រូប​ខាង​លើ បច្ចុប្បន្ន​ត្រូវ​បាន​ឃុំ​ខ្លួន​រង់ចាំ​ការ​ស៊ើប​អង្កេត​អំពី​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​ និង​សកម្មភាព​បំពាន​។ មន្ត្រី​នៅ​សារមន្ទីរ​បាន​ឱ្យ​ដឹង​ថា ផ្ទាំង​គំនូរ​នេះ​ស្ថិត​ក្នុង​កញ្ចក់​ការ​ពារ និង​មិន​មាន​ការ​ខូច​ខាត​អ្វី​ឡើយ​។ គំនូរ​នេះ​នឹង​ត្រូវ​បាន​ដាក់​តាំង​ឡើង​វិញ​ចាប់​ពី​ថ្ងៃទី ២៧ តុលា​ខាងមុខ​។

ផ្ទាំង​គំនូរ Les Meules គឺជា​កម្រង​គំនូរ​របស់​មហា​សេដ្ឋី Hasso Plattner និង​ត្រូវ​បាន​ឱ្យ​សារមន្ទីរ​ខ្ចី​ជា​រៀង​រហូត​។ គំនូរ​នេះ​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​ ១១១ លាន​ដុល្លារ​អាម៉េរិក​ ក្នុង​ការ​លក់​ដេញ​ថ្លៃ​កាល​ពី​ឆ្នាំ​ ២០១៩​។ ខ្ទង់​ប្រាក់​នេះ​គឺជា​តម្លៃ​ខ្ពស់​បំផុត​សម្រាប់​គំនូរ​របស់ Claude Monet ដែល​ជា​វិចិត្រករ​ល្បី​ឈ្មោះ​ជនជាតិ​បារាំង​ (១៤/១១/១៨៤០ – ០៥/១២/១៩២៦)៕

Leave a Reply

Your email address will not be published. Required fields are marked *