យន្តហោះ Airbus របស់ក្រុមហ៊ុន Korean Air បានជួបគ្រោះថ្នាក់ដោយសារតែជ្រុលចេញពីផ្លូវរត់ពេលចុះចតនៅ ហ្វ៊ីលីពីន ប៉ុន្តែសំណាងល្អ មនុស្សទាំង ១៧៣ មិនបានរងរបួស។
ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air ថ្ងៃនេះបានឱ្យដឹងថា យន្តហោះ Airbus SE A330 នៃជើងហោះហើរលេខ KE361 បានបរជ្រុលចេញពីផ្លូវរត់ក្នុងការចុះចតទី ៣ នៅវេលាម៉ោង ២៣ និង ០៧ នាទី ថ្ងៃទី ២៣ តុលា នៅព្រលានយន្តហោះអន្តរជាតិ Mactan-Cebu លើកោះ Mactan នៃខេត្ត Cebu របស់ ប្រទេសហ្វ៊ីលីពីន។
នៅក្នុងហេតុការខាងលើ អ្នកដំណើរ និងបុគ្គលិកហោះហើរ ១៧៣ នាក់ មិនបានរងរបួសអ្វីឡើយ។ យន្តហោះនេះបានធ្វើដំណើរពី Incheon និងបានព្យាយាមចុះចត ២ លើក ប៉ុន្តែមិនបានសម្រេចដោយសារអាកាសធាតុមិនអំណោយផល មុនពេលជួបគ្រោះថ្នាក់នៅក្នុងការចុះចតលើទី ៣។
«អ្នកដំណើរត្រូវបាននាំទៅកាន់សណ្ឋាគារ ៣ នៅក្នុងតំបន់។ យើងខ្ញុំកំពុងតែស្រាវជ្រាវរកមូលហេតុនៃហេតុការណ៍នេះ ជើងយន្តហោះជំនួសកំពុងត្រូវបានរៀបចំ» ក្រុមហ៊ុន Korean Air ប្រកាសដូច្នេះ។
ក្រុមហ៊ុន Korean Air មិនធ្លាប់ជួបគ្រោះថ្នាក់ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ឡើយ រាប់ចាប់ពីឆ្នាំ ១៩៩៧ នេះបើតាមបណ្ដាញសុវត្ថិភាពអាកាសចរណ៍ (ASN)។ កាលពីឆ្នាំ ១៩៩៧ ក្រុមហ៊ុន Korean Air ត្រូវបានគេចាត់ទុកថា មានគុណភាពសុវត្ថិភាពមិនមានស្ថិរភាព ប៉ុន្តែបានកែលំអឡើងវិញ បន្ទាប់ពីមានជំនួយរបស់ Boeing និង Delta Air Lines៕