ក្រុមហ៊ុនផលិតឱសថអាម៉េរិក Pfizer គ្រោងនឹងដំឡើងថ្លៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពី ១១០ ដល់ ១៣០ ដុល្លារអាម៉េរិក ខ្ពស់ជាង ៤ ដង ធៀបនឹងតម្លៃបច្ចុប្បន្ន។ នេះបើតាមប្រកាសរបស់នាយកប្រតិបត្តិរបស់ Pfizer Angela Lukin កាលពីថ្ងៃទី ២០ តុលា។
បច្ចុប្បន្ន រដ្ឋាភិបាលអាម៉េរិក កំពុងផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃ ដល់ពលរដ្ឋគ្រប់រូប ប៉ុន្តែ ត្រូវបង់ថ្លៃប្រហែល ៣០ ដុល្លារសម្រាប់វ៉ាក់សាំង ១ ដូស ទៅឱ្យ Pfizer និងដៃគូ អាល្លឺម៉ង់ BioNTech។
ការសម្រេចខាងលើត្រូវបាន Pfizer លើកឡើងក្រោយពីកម្មវិធីទិញវ៉ាក់សាំងរបស់ រដ្ឋាភិបាលអាម៉េរិក ដល់កាលកំណត់ ហើយចាប់ពីឆ្នាំ ២០២៣ ទីផ្សារវ៉ាក់សាំងនឹងត្រូវបានងាកទៅរកបណ្ដាក្រុមហ៊ុនធានារ៉ាប់រងឯកជន បើសិនជាស្ថានភាពអាសន្នស្ដីពីសុខភាពសាធារណៈត្រូវបានប្រកាសបញ្ចប់។
លោកស្រី Pfizer Angela Lukin សង្ឃឹមថា វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer នឹងត្រូវបានបន្តផ្ដល់ដោយមិនគិតថ្លៃដល់ប្រជាជនដែលមានធានារ៉ាប់រងឯកជន ឬធានារ៉ាប់រងដែលចេញថ្លៃដោយ រដ្ឋាភិបាលអាម៉េរិក ហើយទីផ្សារវ៉ាក់សាំងកូវីដ-១៩ នឹងមានទំហំប្រហាក់ប្រហែលនឹងទីផ្សារវ៉ាក់សាំងសម្រាប់ជំងឺផ្ដាសាយលើមនុស្សធំនាបច្ចុប្បន្ន។
ពេលនេះមិនទាន់ដឹងច្បាស់ថា អ្នកដែលមិនមានធានារ៉ាប់រងផ្នែកសុខភាពនឹងទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ តាមរបៀបណានៅឡើយ។ Pfizer ក៏មិនទាន់ប្រកាសជាផ្លូវការអំពីតម្លៃរបស់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅតាមបណ្ដាប្រទេសក្រៅពី សហរដ្ឋអាម៉េរិក នៅឡើយ៕