សហភាពអឺរ៉ុប (EU) គ្រោងនឹងផ្ដល់ជំនួយប្រហែល ១៧.៧ ពាន់លានដុល្លារដល់ អ៊ុយក្រែន ក្នុងឆ្នាំ ២០២៣ ស្មើនឹងជិត ១.៥ ពាន់លានដុល្លារជារៀងរាល់ខែ។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២១ តុលា ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានឱ្យដឹងថា EU គ្រោងនឹង «ផ្ដល់ជំនួយ ១.៥ ពាន់លានអឺរ៉ូ (១.៤៦ ពាន់លានដុល្លារ) ជារៀងរាល់ខែដល់ អ៊ុយក្រែន។
«តួលេខសរុបគឺ ១៨ ពាន់លានអឺរ៉ូ (១៧.៧ ពាន់លានដុល្លារអាម៉េរិក) សម្រាប់ឆ្នាំក្រោយ ជាទឹកប្រាក់ដែល អ៊ុយក្រែន អាចជឿជាក់ ហើយក៏ជាប្រភពហិរញ្ញវត្ថុស្ថិរភាព ដែលគួរទុកចិត្ត និងព្យាករបាន» លោកស្រី von der Leyen ថ្លែងដូច្នេះ។
លោកស្រី Leyen ក៏បានឱ្យដឹងថា អ៊ុយក្រែន បានស្នើម្ចាស់ជំនួយអន្តរជាតិ ផ្ដល់ប្រភពម៉ាក្រូសេដ្ឋកិច្ច «ស្ថិរភាព គួរជាទីទុកចិត្ត និងអាចព្យាករដឹងបាន»។
សំណើរបស់ ទីក្រុងកៀវ ត្រូវបានធ្វើឡើងក្នុងស្ថានការណ៍ដែលសេដ្ឋកិច្ចរបស់ អ៊ុយក្រែន ត្រូវបំផ្លាញក្រោយរយៈពេល ៨ ខែដែលសង្គ្រាមបានផ្ទុះឡើង។ អ៊ុយក្រែន គណនាឃើញថា ពួកគេត្រូវការយ៉ាងតិច ៣.៩ ពាន់លានដុល្លារជារៀងរាល់ខែពីប្រភពឥណទាន ឬជំនួយដើម្បីធានាដំណើរការជាមូលដ្ឋានរបស់រដ្ឋាភិបាល។
លោកស្រី Leyen បញ្ជាក់ថា ទឹកប្រាក់ទាំងនេះនឹងត្រូវបានផ្ដល់ដោយ សហភាពអឺរ៉ុប អាម៉េរិក និងបណ្ដាអង្គការសេដ្ឋកិច្ចអន្តរជាតិ ហើយនឹងត្រូវបានផ្ទេរទៅឱ្យ អ៊ុយក្រែន ជាទម្រង់សាច់ប្រាក់។
ក្នុងប្រកាសរួមក្រោយកិច្ចប្រជុំកំពូលកាលពីថ្ងៃទី ២១ តុលា ក្រុមមេដឹកនាំរបស់ EU បានឱ្យដឹងថានឹងប្រញាប់ផ្ដល់ ៣ ពាន់លានអឺរ៉ូ (២.៩៣ ពាន់លានដុល្លារអាម៉េរិក) ដែលត្រូវបានសម្រេចបែងចែកឱ្យ អ៊ុយក្រែន នាពេលកន្លង។